សត្វ​ស្លាប​ប្រមាណ​ជា ៤០​ប្រភេទ ត្រូវបាន​ប្រទះឃើញ និង​កត់ត្រា នៅ​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​!

​ក្រុម​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន បានធ្វើការ​ល្បាត​យ៉ាង​ទៀងទាត់​ដើម្បី​អង្កេត​តាមដាន​ជីវចម្រុះ និង​ការបង្ក្រាប​បទល្មើស​។ ចំពោះ​លទ្ធផល​នៃ​អង្កេត​តាមដាន​ជីវចម្រុះ​សត្វ​ស្លាប​ប្រមាណ​ជា ៤០​ប្រភេទ​ត្រូវបាន​ប្រទះឃើញ និង​កត់ត្រា​ក្នុងនោះ​សត្វ​ស្លាប​ចំនួន ០៤​ប្រភេទ​ជាស​ត្វ​ដែល​កំពុង​ឈានទៅ​ការគំរាមកំហែង (Near Threatened, NT) ដូចជា ស្មោញ (Darter) អក​ត្រី​ក្បាល​ប្រផេះ (Grey-headed Fish Eagle) ទុង​ប្រផេះ (Spot-billed Pelican) និង រនាល​ពណ៌ (Painted Stork)​។

​លើសពីនេះ សត្វ​ស្វា​ព្រាម (Indochinese Silvered Langur) ដែលជា​ប្រភេទ​ជិត​ផុត​ពូជ (Endangered, EN) ក៏​នៅតែ​ជួបប្រទះ​ឃើញ​ផងដែរ​។ រីឯ លទ្ធផល​នៃ​ការបង្ក្រាប​បទល្មើស​វិញ​នោះ ក្រុម​ឧ​ទ្យា​នុ​រក្ស​បាន​ជួបប្រទះ និង​បង្ក្រាបបាន​ចំនួន​៣​ករណី​។

​មួយ​ក្នុងចំណោម​នោះ គឺជា​ការ​រុករាន​ដីព្រៃ​ដើម្បី​ធ្វើ​កសិកម្ម និង​តាំង​លំនៅដ្ឋាន ដើម្បី​ឆ្លើយតប​ទៅ​បទល្មើស​នេះ ក្រុម​ឧ​ទ្យា​នុ​រក្ស​បានធ្វើ​អប់រំ​ផ្សព្វផ្សាយ​ទៅដល់​ប្រជាជន​ក្នុង​តំបន់ និង​បានអោយ​ជនល្មើស​ចុះកិច្ចសន្យា​បញ្ឈប់​ការ​រុករាន​ព្រៃ​បន្តទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close