អាមេរិក វិលត្រឡប់ទៅរកចំណុចកំពូល នៃកូវិដជាថ្មី ដោយពេលនេះមានករណីឆ្លងថ្មីជាង១សែននាក់ក្នុង១ថ្ងៃ
ករណីឆ្លងកូវិដ១៩ នៅអាមេរិក បានកើនឡើងខ្ពស់ជាថ្មីក្នុងរយៈពេលចុងក្រោយនេះ ធ្វើឲ្យរដ្ឋាភិបាលអាមេរិក ត្រូវអនុម័តវិធានការពាក់ម៉ាស់ជាថ្មី បើទោះបីពលរដ្ឋបានចាក់វ៉ាក់សាំងហើយក្តី ។ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១០៤,៧៥៨នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៥១៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៦,០៤៩,០១៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៣០,៤៩៧នាក់ និងជាសះស្បើយឡើងសរុប ២៩.៧៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញ កំពុងជួបប្រទះការកើនឡើងករណីឆ្លង COVID-19 ឡើងវិញយ៉ាងគំហុក ហើយបើទោះបីជាអ្នកដែលបានចាក់វ៉ាក់សាំងរួច ក៏អាចឆ្លងជំងឺនេះដែរ។ បន្ថែមពីនេះការរកឃើញករណីឆ្លង COVID-19 បំប្លែងថ្មី Delta ក៏ជាបញ្ហាធំ ដែលកំពុងជំរុញឲ្យរដ្ឋកាន់តែច្រើន បង្កើនការរឹតត្បិតឡើងវិញ ក្នុងនោះដូចជាការតម្រូវឲ្យពាក់ម៉ាស នៅពេលចូលកន្លែងបិទជិតជាដើម។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៤៧លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៩១.៨១លាននាក់ (៥៨.៣%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៦៤.៩២លាននាក់ (៥០.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។