ឥណ្ឌូនេស៊ីមានអ្នកស្លាប់កើនឡើង១សែននាកហើយដោយកូវីដ១៩
កូវីដ១៩ កំពុងតែឆ្លងរាលដាលជាថ្មី ហើយកាន់តែខ្លាំងឡើងនៅជុំវិញពិភពលោក បង្កក្តីបារម្ភកាន់តែខ្លាំងឡើង ។ ការឆ្លងរាលដាលលើកនេះគឺជាវីរុសបម្លែងខ្លួនថ្មីប្រភេទដែលតា។ ប្រទេសនៅក្នុងតំបន់អាស៊ាន មានករណីឆ្លង់កើនឡើងខ្ពស់ ហើយអ្នកស្លាប់ដោយកូវិដ ក៏កើនឡើងផងដែរ ។
បណ្តាញព័ត៌មាន Bloomberg នៅថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១ បានផ្សាយថា នៅពេលនេះប្រទេសឥណ្ឌូណេស៉ីបានក្លាយជាប្រទេសទីពីរ នៅក្នុងតំបន់អាស៉ី និងដំបូងគេនៅអាស៉ីអាគ្នេយ៍ ដែលមានមនុស្សស្លាប់ដោយសារជំងឺ COVID-19 កើនលើសពី១០០,០០០នាក់។
ទិន្នន័យពីក្រសួងសុខាភិបាលឥណ្ឌូណេស៉ីនាថ្ងៃពុធនេះ បានបង្ហាញថា ឥណ្ឌូណេស៉ីទើបតែបានកត់ត្រាអ្នកស្លាប់ ១,៧៤៧នាក់ថែមទៀត ដោយសារ COVID-19 ដែលនាំឲ្យចំនួនអ្នកបាត់បង់ជីវិត សរុបនៅទូទាំងប្រទេសកើនដល់ ១០០,៦៣៦នាក់ ខណៈជាច្រើនសប្តាហ៍មកនេះ ឥណ្ឌូណេស៉ី បន្តមានតួលេខប្រចាំថ្ងៃនៃករណីស្លាប់ ច្រើនជាងគេនៅលើពិភពលោក។
គួរបញ្ជាក់ថា ពេលនេះ ឥណ្ឌូណេស៉ីចូលរួមជាមួយប្រទេស១១ផ្សេងទៀត រួមមានសហរដ្ឋអាមេរិក ប្រេស៉ីល ឥណ្ឌា ម៉ិចស៉ីកូ ប៉េរូ រុស្ស៉ី ចក្រភពអង់គ្លេស អ៉ីតាលី កូឡុំប៊ី បារាំង និងអាហ្សង់ទីន ដែលបានបាត់បង់ជីវិតមនុស្សច្រើនជាង ១០០,០០០នាក់ ដោយសារ COVID-19៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។