សមត្ថកិច្ចចម្រុះខេត្តសៀមរាបចាប់រថយន្តដឹកឈើចំនួន៣គ្រឿង តែដោះលែងវិញ២គ្រឿង
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយរដ្ឋបាលព្រៃឈើ កាលពីយប់ថ្ងៃទី៣ សីហា កន្លងទៅនេះ បានស្ទាក់ចាប់រថយន្តចំនួន៣គ្រឿងក្នុងភូមិសាស្រ្តខេត្តសៀមរាប ពាក់ព័ន្ធនឹងបទល្មើសដឹកឈើ។
ការឃាត់នោះ គឺនៅវេលាម៉ោងប្រមាណ ៨យប់ បានឃាត់រថយន្តក្រុង៤៥កៅអី១គ្រឿង ពាក់ផ្លាកលេខ សៀមរាប 3A-២១៦៤ នៅចំណុចភូមិគោកត្រាច ឃុំបាល័ង ស្រុកប្រាសាទបាគង។ លុះវេលាម៉ោង៩ និង២០នាទីយប់ បានឃាត់ រថយន្តកុងទីនរ័ (ឃ្លុប) របស់ក្រុងហ៊ុនរឹទ្ធមន្នី ពាក់ផ្លាកលេខ ភ្នំពេញ 3F-៦២៨៥6 នៅចំណុចភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី។ បន្ទាប់មកក៏បានឈានទៅឃាត់រថយន្តប្រភេទកាម៉ារីបាឡែនមួយគ្រឿងទៀត ដោយរកឃើញមានឈើខុសច្បាប់ផងដែរ។
ក្នុងការបង្ក្រាបនេះ សម្រាប់រថយន្តក្រុង គេបានរកឃើញកៅអីឈើចំនួន ៦០ ហង្សតេធំចំនួន១០ ហង្សតេតូច ចំនួន១៧ ប៉ៅអ៊ីចំនួន២ ចំណែករថយន្តឃ្លុបកុងទីនរ័ រកឃើញកៅអីឈើ ចំនួន២៥ គ្រែព្រះនាងចំនួន០១។
តែបើតាមលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋ បាលព្រៃឈើសៀមរាប បានឲ្យនៅរសៀលថ្ងៃទី៤ ខែសីហាម្សិលមិញថា រថយន្តក្រុង និងរថយន្តឃ្លុបទាំង២គ្រឿងខាងលើ ត្រូវបានដោះលែងវិញហើយ ព្រោះវត្ថុតាងជារបស់កែច្នៃហើយ។ ចំណែករថយន្តម៉ាកបាឡែនគឺអនុវត្តដោយពិន័យជាអន្តរកាល ព្រោះជាបទល្មើស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។