សម្តេច ហ៊ុន សែន ៖ វ៉ាក់សាំង AstraZeneca ជំនួយរបស់អង់គ្លេស នឹង​ត្រូវប្រើជាវ៉ាក់សាំងដូសទី៣

ថ្លែង​ក្នុងឱកាសទទួលជំនួយវ៉ាក់សាំងរបស់ចក្រភពអង់គ្លេសនៅនៅរសៀលថ្ងៃនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បាន​បញ្ជាក់ថា វ៉ាក់សាំងដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលនៃចក្រភពអង់គ្លេសនេះនឹងត្រូវប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសនោះទី៣ ឬដូសជំរុញ។

ជាមួយគ្នានេះ សម្ដេចក៏ស្នើដល់ចក្រភពអង់គ្លេសផ្ដល់ជំនួយមនុស្សធម៌ជាវ៉ាក់សាំងជាបន្តទៀត ក៏ដូចជាជួយសម្របសម្រួលដល់កម្ពុជាក្នុងការបញ្ជាទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀតសម្រាប់បំពេញសេចក្តីត្រូវការចាំបាច់នាពេលខាងមុខ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃនេះ វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ ប្រភេទ AstaZeneca ជាជំនួយរបស់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលចក្រភពអង់គ្លេសចំនួន៤១៥,០០០ ដូស បានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ឯកអគ្គរាជទូតស្តីទីអង់គ្លេសប្រចាំនៅកម្ពុជា បានបង្ហាញការរំពឹងថា វ៉ាក់សាំងជាជំនួយនេះ នឹងជួយពង្រីក និងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសកម្ពុជា ហើយ​នឹងជួយដល់សហគមន៍ក្នុងមូលដ្ឋាន ដើម្បីចាប់ផ្តើមអាជីវកម្ម ការពារសេវាកម្មសុខភាព និងស្តារជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឡើងវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close