ចិនរកឃើញករណីឆ្លងកូវីដនៅក្នុងសហគមន៍កើនឡើងខ្ពស់
សារព័ត៌មានស៉ីនហួរ បានផ្សាយថា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ ប្រទេសចិន បាន ការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានតែ ២៣ករណីប៉ុណ្ណោះជាករណីនាំចូល។
បើតាមគណៈកម្មការសុខភាពជាតិចិន (NHC) ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៦២ករណី ជាករណីឆ្លងក្នុងសហគមន៍ក្នុងនោះរួមមាន៖ ៤០ករណីត្រូវបានរកឃើញនៅក្នុងខេត្តជាំងស៊ូ (Jiangsu), ០៩ករណីនៅក្នុងខេត្តហ៊ូណាន (Hunan), ០៣ករណីនៅក្នុងទីក្រុងប៉េកាំង (Beijing), ០៣ករណីនៅក្នុងខេត្តសានទុង (Shandong), ០៣ករណីនៅក្នុងខេត្តហឺណាន (Henan), ០៣ករណីនៅក្នុងខេត្តយូណាន (Yunnan), និង ០១ករណីទៀតនៅក្នុងខេត្តហ៊ូប៉ី (Hubei)។
ដោយឡែក ២៣ករណីផ្សេងទៀតជាករណីនាំចូលក្នុងនោះរួមមាន៖ ០៩ករណីត្រូវបានរកឃើញនៅក្នុងទីក្រុងសៀងហៃ (Shanghai), ០៨ករណីនៅក្នុងខេត្ត Yunnan, ០៣ករណីនៅក្នុងខេត្តហ៊ូចៀន (Fujian), ០២ករណីនៅក្នុងខេត្តក្វាងទុង (Guangdong), និង ០១ករណីទៀតនៅក្នុងខេត្ត Shandong។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសចិនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៩៣,៣៧៤ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦ករណី និងអ្នកជាសះស្បើយ ៨៧,៤៥៣នាក់។ កន្លងមកនេះចិនបានកំណត់ឲ្យធ្វើតេស្តរក COVID-19 ទ្រង់ទ្រាយធំនៅទីក្រុង ណានជីង (Nanjing), វូហាន (Wuhan) និង ម៉ាកាវ (Macau) បន្ទាប់ពីករណីឆ្លងថ្មីៗត្រូវបានរកឃើញនៅទីនោះ។ ចិនក៏កំពុងបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្លាំងក្លា ដើម្បីទប់ទល់វីរុសបំប្លែងថ្មី Delta ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។