ឯកឧត្តម គួច ចំរើន ណែនាំ​ឲ្យ​ព​ន្លឿ​នទី​តាំង​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ឱ្យបាន​លឿន

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​៦ ខែសីហា​ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ នៅតាម​បណ្តោយ​វិថី​តេ​ជោ ត​ភ្ជាប់​ពី​វិថី ២​ធ្នូ មក​ចុង​ផ្លូវ ៥០២ ស្ថិតនៅ​តំបន់​ពយ​តា​មូង ក្នុងភូមិ​សាស្ត្រ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​មាន​ប្រសា​ន៍​ថា នៅ​ដំណាច់ឆ្នាំ​ខាងមុខនេះ ប្រសិនបើ​មិនមាន​ការប្រែប្រួល ឬ​ការរំខាន​ដោយសារ​ជំងឺ​កូ​វី​-១៩ នោះទេ រដ្ឋបាលខេត្ត ក៏ដូចជា​ក្រសួងទេសចរណ៍ គ្រោង​នឹង​យក​ទីតាំងនៅ​វិថី​តេ​ជោ តំបន់​ពយ​តា​មូង ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​។

​ជាមួយគ្នានេះ ដើម្បីឱ្យ​ទីតាំង​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ មាន​សោភ័ណភាព និង​បរិស្ថាន​ស្អាត រដ្ឋបាលខេត្ត​បាន និង​កំពុង​រៀបចំ​កែលម្អ​សួនច្បារ ដាក់​អំពូល​ភ្លើង ដាំ​ដើម​កោង​កាង រៀបចំ​បន្ទប់ទឹក និង​ពង្រីក​ទីធ្លា​ឱ្យបាន​ធំ​ទូលាយ​បន្ថែមទៀត ដើម្បី​រៀបចំ​ប្រារព្ធ​ពិធី ជាពិសេស​ជាការ​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​មកលេង​កម្សាន្ត​ក្នុងឱកាស​នៃ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ នាពេលខាងមុខ​។

​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ណែនាំ​ឱ្យ​ក្រុមការងារ​ត្រូវ​ព​ន្លឿ​ន​ការរៀបចំ​ឱ្យបាន​លឿន ប្រកបដោយ​គុណភាព និង​សោភ័ណភាព ដោយ​ត្រូវ​ធ្វើយ៉ាងណា​ឱ្យបាន​រួចរាល់ មុន​ថ្ងៃ​នៃ​ការរៀបចំ​ពិធីបុណ្យ​សមុទ្រ​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close