ស្ត្រីជនជាតិខ្មែរ-ឡាវ នៅស្រុកសៀមប៉ាង បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ទី៨លាន ដែលជាជំនួយរបស់សហរដ្ឋអាមេរិក
ភ្នំពេញ៖ តាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កាលពីថ្ងៃ១០ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ កម្ពុជាយើង បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី១ បាន៨លាននាក់រួចហើយ គឺស្មើនឹង៨០% នៃប្រជាពលរដ្ឋ ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង ដោយមិនទាន់គិតពីកុមារ និងយុវវ័យ ដែលបាននិងកំពុងចាក់ព្រមទាំងបងប្អូន ដែលបាននិងកំពុងចាក់ដូសទី៣។
សម្តេច បានបញ្ជាក់ទៀតថា ដំណើរឆ្ពោះទៅរក ១០លាននាក់ នៅមិនឆ្ងាយពីយើងនោះទេ ដែលធ្វើឱ្យយើងសម្រេចការងារមុនការកំណត់ ៧ទៅ ៨ខែ ប្រៀបជាមួយ ផែនការដើមរបស់យើង។ លេខរៀងទី៨លាន គឺបានទៅលើប្អូនស្រីឈ្មោះ ថឹង ថា អាយុ៥៦ឆ្នាំ ជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
សម្តេច សូមអបអរសាទរចំពោះជ័យលាភីទី៨លាន ដែលបានចាក់វ៉ាក់សាំងJohnson&Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិក។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា១០លានរៀលព្រមទាំងសម្ភារៈផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់។ សម្តេច ក៏សូមជូនពរបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើននិងចៀសផុតពីជំងឺកូវីដ-១៩ដោយខិតខំការពារខ្លួនតាមរយៈវិធានការ(៣ការពារនិង៣កុំ)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។