ឆមាសទី១ ឆ្នាំនេះ! កម្ពុជា ទទួលបានភ្ញៀវអន្តរជាតិជាង ១០ម៉ឺននាក់!
ភ្នំពេញ៖ នៅអំឡុងពេលឆមាសទី១ នៃឆ្នាំ២០២១នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ១០២,៥៦០នាក់ ថយចុះ ៩១.៣% ចំណែកឯប្រជាពលរដ្ឋកម្ពុជា ដែលបានចេញទៅក្រៅប្រទេសមានចំនួន ១០,៥៣៨ នាក់ ថយចុះ ៩៦.៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។
របាយការណ៍ពីក្រសួងទេសចរណ៍ បានបញ្ជាក់ថា រយៈពេល៦ខែ ឬក្នុងឆមាសទី១ ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២,៥៦០នាក់ ថយចុះ ៩១.៣% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ក្នុងនោះភ្ញៀវអន្តរជាតិ ដែលមកតាមផ្លូវអាកាស ៤៦,២៤៩នាក់ ថយចុះ ៩៣.២% មកតាមផ្លូវគោក ៥៦,៣០៩នាក់ ថយចុះ ៨៧.៤% និងមកតាមផ្លូវទឹកមានតែ ២នាក់ប៉ុណ្ណោះ។
ក្រសួងទេសចរណ៍ បានបង្ហាញអំពីទីផ្សារទេសចរណ៍សំខាន់ៗទាំង ១០ផងដែរ រួមមាន៖
១. ទេសចរថៃ ៥២,២៩០ នាក់ ថយចុះ ៦៧.៥%
២. ទេសចរចិន ២៩,៧៥១ នាក់ ថយចុះ ៨៩.២%
៣. ទេសចរវៀតណាម ៦,៩៥៦ នាក់ ថយចុះ ៩៦.១%
៤. ទេសចរឥណ្ឌូណេស៊ី ៣,៤១៥ នាក់ ថយចុះ ៧៤.៣%
៥. ទេសចរកូរ៉េខាងត្បូង ១,៨៣៣ នាក់ ថយចុះ ៩៦.៥%
៦. ទេសចរសហរដ្ឋអាមេរិក ១,៥៩០ នាក់ ថយចុះ ៩៧%
៧. ទេសចរចិនមកពីកោះតៃវ៉ាន់ ១,៥០៤ នាក់ ថយចុះ ៩២.៨%
៨. ទេសចរម៉ាឡេស៊ី ៨៨៣ នាក់ ថយចុះ ៩៦.៥%
៩. ទេសចរជប៉ុន ៧៩០ នាក់ ថយចុះ ៩៨%
១០. ទេសចរបារាំង ៦៤៨ នាក់ ថយចុះ ៩៨.៥%។
បើតាមក្រសួងទេសចរណ៍ ភ្ញៀវទេសចរផ្ទៃក្នុងនៅឆមាសទី១ ឆ្នាំ២០២១ គឺមានចំនួនសរុប ១,៩៨២,៦៤១ នាក់ ថយចុះ ៣៧.៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ចំណែកឯទេសចរបរទេសផ្ទៃក្នុងមានចំនួនសរុប ១៤១,៩៨៨ នាក់។ ចំណែកឯភ្ញៀវទេសចរកម្ពុជាដែលបានចេញទៅក្រៅប្រទេស នៅឆមាសទី១ ឆ្នាំ២០២១ នេះដែរ គឺមានចំនួនសរុប ១០,៥៣៨ នាក់ ថយចុះ ៩៦.៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។