កូ​វីដ​១៩! នៅ​ថៃ រកឃើញ​អ្នក​ឆ្លង​ជាង ២​ម៉ឺន​១​ពាន់​ករណី និង​ស្លាប់​កើន ២០៧​នាក់​ទៀត​

​ថៃ​៖ ក្រសួងសុខាភិបាល​ថៃ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មីៗ​ចំនួន​២​ម៉ឺន​១​ពាន់​៣៨​ករណី និង​ស្លាប់​២០៧​នាក់​បន្ថែមទៀត នៅក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ​។​ ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំងអស់​ខាងលើនេះ មាន​២​ម៉ឺន​៨៦៥​ករណី​ជា​ប្រជាជន​ទូទៅ និង ១៧៣​ករណី​ទៀត​ជា​អ្នកទោស​ក្នុង​ពន្ធនាគារ​។



ដោយឡែក​នៅក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​នេះដែរ ក៏មាន​អ្នកជំងឺ​២​ម៉ឺន​២​ពាន់​១២​នាក់​បានជា​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​អោយចេញ​ពី​មន្ទីរពេទ្យ​។ ចាប់តាំងពី​ថ្ងៃទី​១ ខែមេសា​មក នៅពេល​ជំងឺ​កូ​វីដ​១៩​រលក​ទី​៣​ផ្ទុះឡើង នៅ​ទូទាំងប្រទេស​ថៃ​មាន​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​៧៨​ម៉ឺន​៨​ពាន់​១២៦​ករណី ក្នុងនោះ​មាន​អ្នកជំងឺ​៥៧​ម៉ឺន​២​ពាន់​៧២៦​នាក់​បានជា​សះស្បើយ​ឡើងវិញ​។

​ចាប់តាំងពី​ជំងឺ​រាតត្បាត​នេះ​ផ្ទុះឡើង​កាលពីដើម​ឆ្នាំមុន​មក នៅ​ទូទាំងប្រទេស​ថៃ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​៨១​ម៉ឺន​៦​ពាន់​៩៨៩​ករណី និង​អ្នកជំងឺ​៦០​ម៉ឺន​១៥២​នាក់​បានជា​សះស្បើយ​ឡើងវិញ ។ ចំណែក​ចំនួន​អ្នកស្លាប់​ក្នុង​រលក​ទី​៣ មាន​ចំនួន​៦​ពាន់​៧០១​នាក់ ធ្វើអោយ​អ្នកស្លាប់​សរុប​ចាប់តាំងពី​រោគរាតត្បាត​ផ្ទុះឡើង​កាលពីដើម​ឆ្នាំមុន​មក កើនឡើង​ដល់​៦​ពាន់​៧៩៥​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close