សង្ស័យទ្រាំលែងបាន! មន្រ្តីនគរបាលស្រុកបសេដ្ឋជាច្រើននាក់ នាំគ្នាផ្តិតមេដៃប្តឹងទៅសម្តេច ស ខេង ដកតំណែងអធិការរបស់ខ្លួន
មន្ត្រីនគរបាល នៃស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺជាច្រើននាក់ កាលពីពេលថ្មីៗកន្លងទៅនេះ បានផ្តិតមេដៃដាក់ពាក្យបណ្តឹងទៅកាន់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នើឲ្យដកអធិការស្រុកបសេដ្ឋ ដោយថា អធិការរូបនេះមានភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទីរបស់ខ្លួន។
ពាក្យបណ្តឹងនោះបានលើកឡើងពីទុក្ខលំបាក ប្រឈមនឹងទង្វើរបស់លោក អ៊ុំ ចំរើន ដោយរាល់ការអនុម័តការងារគ្មានការប្រជុំក្រុមប្រឹក្សាវិន័យដើម្បីស្នើរការតែងតាំង និងផ្លាស់ប្តូរការងារមន្ត្រីក្រោមឱវាទ ហើយរាល់ការតែងតាំង និងផ្លាស់ប្ដូរមុខងារមន្ត្រី លោកអធិការតែងតែទាមទារលាភសក្ការៈ គ្មានការអភិវឌ្ឍក្នុងអង្គភាព គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនឲ្យតម្លៃកូនចៅ ដឹកនាំគ្មានក្រមសីលធម៌ និងគ្មានការទទួលខុសត្រូវ។
ចំពោះចរិកឫកពារវិញ ក្រុមមន្រ្តីទាំងនោះថា អធិការរូបនេះ គឺមិនសក្តិសមជាអ្នកដឹកនាំ ឬធ្វើគំរូដល់កូនចៅ និងគ្មានចំណេះដឹង ជាដើម។ មិនតែប៉ុណ្ណោះ ថែមទាំងជេរប្រមាថ មើលងាយកូនចៅក្រោមឱវាទតាមវិទ្យុទាក់ទង(អាយកូម) អួតក្អេងក្អាង មិនស្គាល់ចាស់មិនស្គាល់ទុំ អាងខ្លួនមានខ្នងធំចាំជួយ ទាំងខ្លួនកំពុងប្រព្រឹត្តខុសតួនាទី។
នៅក្នុងបណ្តឹងនោះ ក៏បានបញ្ជាក់ពីការដឹកនាំរបស់លោក អ៊ុំ ចំរើន តាំងពីទទួលបានតួនាទីជាអធិការស្រុកបសេដ្ឋ គឺ មិនដែលបានកសាងស្នាដៃនោះទេ គឺទទួលបានតែលិខិតព្រមានពីថ្នាក់លើម្តងហើយម្តងទៀតប៉ុណ្ណោះ គ្មានភាពជាអ្នកដឹកនាំឡើយ ជាពិសេសខ្វះសាមគ្គីភាពទាំងក្នុង និងក្រៅអង្គភាព បញ្ចេញអាកប្បរិយាមិនសមរម្យជាមួយមួយកូនចៅ ឱ្យគេកោតខ្លាចអំណាចខ្លួន តែមិនឱ្យកូនចៅគោរពស្រឡាញ់ អោបក្រសោបបក្សពួកដែលចូលចិត្តដើរផឹកស៊ីស្រីញីជាមួយគ្នាទៅវិញ។
មិនតែប៉ុណ្ណោះប្រមូលកូនចៅលេងល្បែងក្នុងអង្គភាព ដែលផ្ទុយពីបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ថែមទៀត។ មួយវិញទៀតចាប់តាំងពី លោក អ៊ុំ ចំរើន ឡើងកាន់តំណែងជាអធិការ រាល់ការចាយវាយលុយភូមិឃុំសុវត្ថិភាពដែលរដ្ឋទម្លាក់ឱ្យគឺ មិនដែលមានវិក័យប័ត្រច្បាស់លាស់នោះទេ។
ចំពោះការចោទប្រកាន់ទាំងប៉ុន្មាន នៅថ្ងៃនេះ យើងមិនអាចស្វែងរកការបំភ្លឺពីលោក អ៊ុំ ចំរើន អធិការស្រុកបសេដ្ឋនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។