ក្រុមតាលីបង់អាចដណ្តើមគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានទាំងមូល ក្រោយអាមេរិកដកចេញ
ក្រុមតាលីបង់បានបង្កើនការវាយប្រហារដណ្តើមបានទីតាំងគ្រប់គ្រងជាច្រើននៅក្នុងទឹកដីអាហ្វហ្គានីស្ថាន ហើយពេលនេះ ក៏បានឡោមព័ទ្ធរដ្ឋធានីកាប៊ុល ជាទីតាំងសំខាន់បំផុតរបស់រដ្ឋាភិបាល ។ នៅពេលនេះដែរប្រធានាធិបតីអាមេរិកប្រាប់សម្ព័ន្ធមិត្តអាហ្វហ្គានីស្ថានទីពឹងខ្លួន។
ក្រោយពេលក្រុមតាលីបង់ដណ្តើម បានការគ្រប់គ្រង បន្ថែម៥តំបន់ទៀតនៅភាគខាងជើង ក្រុមតាលីបង់ បាន ពង្រីកទីតាំងគ្រប់គ្រងដល់រដ្ឋធានី អាហ្វហ្គានីស្ថាន ។ ក្នុងពេលដែលកំពុងប្រឈមគ្រោះថ្នាក់ អាមេរិកបានបដិសេធ វិលត្រឡប់មកជួយអាហ្វហ្គានីស្ថាន។
ក្នុងរយៈពេលជិត១សប្តាហ៍កន្លងមក កម្លាំងឧទ្ទាមតាលីបង់ បានបង្កើនសកម្មភាពវាយប្រហារដណ្តើមទីតាំងគ្រប់គ្រងជាច្រើនក្នុងប្រទេសអាហ្វហ្គានីស្ថាន ធ្វើឲ្យរដ្ឋាភិបាលទីក្រុងកាប៊ុលធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់បំផុតមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំកន្លងមក។
នៅថ្ងៃទី៨ខែសីហា ក្រុមតាលីបង់ បានពង្រីកទឹកដីគ្រប់គ្រង នៅតំបន់ភាគខាងជើង ទឹកដីអាហ្វហ្គានីស្ថាន ក្រោយដណ្តើមការគ្រប់គ្រងបន្ថែម៣ខេត្តទៀតក្នុងប្រទេសនេះ។ ចំនួនខេត្តក្រុងដែល ក្រុមតាលីបង់ដណ្តើមបានតាំងពីថ្ងៃទី ៦ខែសីហា មកដល់ពេលនេះមាន៥ខេត្តក្រុងហើយ។
រដ្ឋធានីកាប៊ុល មានពលរដ្ឋរស់នៅ៦លាននាក់ ជាទីតាំងសេដ្ឋកិច្ចនយោបាយ ដែលអាមេរិកបានចំណាយប្រាក់ជាច្រើន ក្នុងរយៈពេល ២០ឆ្នាំកន្លងមក ដើម្បីកសាងឡើង។ អាមេរិក និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន សង្ឃឹមថាក្រុមតាលីបង់ធ្វើសកម្មភាពនៅតាមតំបន់ជនបទ ប៉ុន្តែ ពេលនេះក្រុមតាលីបង់ ធ្វើសកម្មភាពវាយប្រហារចូលដល់ទីក្រុងហើយ។
ប្រធានាធិបតីបៃឌិន បានប្រកាសថានឹងមិនមានគម្រោងប្រែក្រឡាសការសម្រេចដកទាហានចេញពីប្រទេសអាហ្វហ្គានីស្ថាននោះឡើយ បើទោះបីក្រុមតាលីបង់ បង្កើនសកម្មភាពវាយប្រហារ ចូលដល់ទីក្រុងក្តី ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។