ប្រជាពលរដ្ឋ២៥០គ្រួសារនៅឃុំស្រែណូយ ផ្តិតមេដៃស្នើរឲ្យអភិបាលខេត្តសៀមរាបជួយ​អន្តរាគមន៍ ក្រោយពីតុលាការកោះហៅមេភូមិ មេឃុំខ្លួន ពាក់ព័ន្ធបញ្ហាដីធ្លី

តំណាងប្រជាពលរដ្ឋ ២៥០គ្រួសារ រស់នៅភូមិដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បាន​លើក​គ្នា​មក​កាន់សាលាខេត្តសៀមរាប ដើម្បីដាក់ញ្ញតិសុំកិច្ចអន្តរាគមន៍ ពី ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក្រោយ​ពី​តុលាការបានចេញដីកាកោះហៅមនុស្ស​១០​នាក់ រួមទាំងមេភូមិដៃអាវ និងមេឃុំស្រែណូយផង ដោយចោទពីបទក្លែងឯកសារលក់ដី លោកជំទាវ កុល សុខុម ដែលជា​ប្រធានសមាគមសង្រ្គោះ យុទ្ធជនពិការ ស្រ្តីមេម៉ាយ កុមមារកំព្រា និង​រាស្រ្តទាល់ក្រ។

តំណាងប្រជាពលរដ្ឋបានលើកឡើងថា នៅអំឡុងឆ្នាំ២០០២ ទៅឆ្នាំ២០០៥ និង២០០៦ ពួកគាត់ដែលមករស់នៅ និងកាប់រុករានដីព្រៃ នៅតំបន់ដៃអាវ ដែលកាលនោះស្ថិតនៅក្នុងការគ្រប់គ្រងរបស់ភូមិវត្តនៅឡើយ គឺពុំមានសមាគមន៍ ឬអង្គការណាហាមឃាត់ពួកគាត់នោះទេ មានតែមន្រ្តីរដ្ឋបាលព្រៃឈើ ចុះទៅហាមឃាត់មិនឲ្យពួកគាត់កាប់រុករានដីព្រៃ ហើយមានប្រជាពលរដ្ឋខ្លះត្រូវប្រឈមមុខ ត្រូវមន្រ្តីរដ្ឋបាលព្រៃឈើចាប់ដាក់គុកទៀតផង។

ពួកគាត់បន្ថែមថា ប្រជាពលរដ្ឋទាំង ២៥០គ្រួសា ក៏ដូចជាប្រជាពលរដ្ឋទាំង ៨នាក់ មកកាប់រុករាន គឺសុទ្ធតែជាដីព្រៃសុទ្ធ ដែលបានរស់នៅគ្រប់គ្រង់រហូតដល់បច្ចុប្បន្នស្រាប់តែមានប្រជាពលរដ្ឋចំនួន ៧នាក់ រួមមាន៖ ទី១ ស៊ា ណារី ទី២ ស៊ា គឹមលី ទី៣ ស៊ា រីណា ទី៤ ទុយ សាគុណ ទី៥ ប៊ូ ម៉េងហេង ទី៦ ពៅ បញ្ញា និងទី៧ ជួង វណ្ណា ចេញប្តឹងប្រជាពលរដ្ឋ មេភូមិ និងមេឃុំ។ ហើយតាមការបញ្ជាក់ពីអាជ្ញាធរបានឲ្យដឹងថា ឈ្មោះទាំង៧នាក់ខាងលើ មិនមែនជាប្រជាពលរដ្ឋរស់ក្នុងភូមិដៃអាវនោះឡើយ តែគ្រាន់តែដឹងថា ក្នុងអំឡុងឆ្នាំ២០០៥ និង២០០៦ បានមកទិញដីនៅភូមិវត្ត (ចំណុចភូមិដៃអាវ) តាមរយលោកជំទាវម្នាក់ឈ្មោះ កុល សុខុម ជាប្រធានសមាគមន៍ សង្គ្រោះ យុទ្ធជនពិការ ស្ត្រីមេម៉ាយ កុមារកំព្រារ និងរាស្ត្រទាល់ក្រ។

លោកស្រី វ៉ក ណម មេឃុំស្រែណូយ បានប្រាប់តាម ទូរស័ព្ទថា វាអយុត្តិធម៌ណាស់សំរាប់រូបដែលតុលាការចោទរូបគាត់ក្លែងឯកសារលក់ដី ព្រោះរូបគាត់ទើបតែមកកាន់ជាមេឃុំនៅអាណត្តិនេះប៉ុណ្ណោះ។ ហើយមេឃុំចាស់គេក៏មិនបានប្រាប់គាត់ពាក់ព័ន្ធនឹងដីដែលមានទំនាស់មានប្លង់នោះដែរ។ ដោយឡែកសំរាប់ប្រជាពលរដ្ឋដែលទៅរស់នៅភូមិដៃអាវ ដែលកាលពីមុនមករស់នៅកាប់រុករានដីព្រៃជាអនាធិបតេយ្យ ដូច្នេះអាជ្ញាធរចេញប្លង់ឲ្យប្រជាពលរដ្ឋ គឺរស់នៅជាក់ស្តែង ឬចុះហត្ថលេខាការព្រមព្រៀងរបស់ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close