ស្នងការខេត្តកំពង់ស្ពឺ សម្រេច​ដកអធិការស្រុកបសេដ្ឋបញ្ឈរជើង

ករណីបណ្តឹងរបស់មន្រ្តីក្រោមឱវាទ ដាក់ពាក្យ​ប្តឹងសុំ​ឲ្យ​មានការដកតំណែង​លោក អ៊ុំ ចំរើន ពីអធិការស្រុកបសេដ្ឋនោះ ទីបំផុតទៅ លោកឧត្តមសេនីយ៍ទោ សម​ សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានសម្រេច​ផ្អាក​ភារកិច្ច​របស់លោក អ៊ុំ ចំរើន ហើយ។

តាមលិខិត​បង្គាប់ការ​ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ​២០២១ បានសម្រេច​ផ្អាក​ភារកិច្ច​បណ្តោះអាសន្ន ចំពោះ​លោក​វរសេនីយ៍ត្រី អ៊ុំ ចំរើន អត្តលេខ ៤២៣០៦ ជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដោយ​មូលហេតុ ប្រព្រឹត្ត​ខុស​នឹង​វិន័យកងកម្លាំង​នគរបាលជាតិ លេខ ០០៦ បបជ។

ក្នុងនោះ លោក អ៊ុំ ចំរើន ត្រូវ​បានគេ​បង្គាប់​ឲ្យ​បង្ហាញ​មុខ​នៅ​ការិយាល័យ​បុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីធ្វើការ​កែប្រែកំហុសឆ្គង រហូត​ដល់​មានការ​សម្រេច​ជាថ្មី។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មាន​មន្ត្រីនគរបាល នៃស្រុកបសេដ្ឋ ខេត្ត​កំពង់ស្ពឺជាច្រើននាក់ បាននាំគ្នា​ផ្តិត​មេដៃដាក់ពាក្យបណ្តឹងទៅកាន់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នើ​ឲ្យ​ដកអធិការ​ស្រុកបសេដ្ឋ​ ដោយ​ថា អធិការរូបនេះមានភាពមិនប្រក្រតី​ក្នុងការអនុវត្ត​តួនាទីរបស់ខ្លួន។

ពាក្យ​បណ្តឹង​នោះ​បានលើកឡើងពីទង្វើរបស់លោក អ៊ុំ ចំរើន ដោយ​អនុម័តការងារគ្មានការប្រជុំក្រុមប្រឹក្សាវិន័យដើម្បីស្នើរការតែងតាំង និងផ្លាស់ប្តូរការងារមន្ត្រីក្រោមឱវាទ ហើយ​រាល់ការតែងតាំង និងផ្លាស់ប្ដូរមុខងារមន្ត្រី លោកអធិការ គឺ​តែងតែទាមទារលាភសក្ការៈ គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនឲ្យ​តម្លៃកូនចៅ ហើយ​ការ​ដឹកនាំទៀតសោត គឺគ្មានក្រមសីលធម៌ និងគ្មានការទទួលខុសត្រូវឡើយ។

មិនតែប៉ុណ្ណោះលោក អ៊ុំ ចំរើន ក៏​តែងប្រមូលកូនចៅលេងល្បែងក្នុងអង្គភាព ដែលផ្ទុយពីបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ថែមទៀត ហើយ​រាល់​ការចាយវាយលុយភូមិឃុំសុវត្ថិភាព​ដែលរដ្ឋទម្លាក់ឱ្យ គឺលោកអធិការប្រើប្រាស់​ដោយ​មិនដែលមានវិក័យប័ត្រច្បាស់លាស់នោះទេ។

ចំពោះការចោទប្រកាន់ទាំង​ប៉ុន្មាននេះ លោក អ៊ុំ ចំរើន បានធ្វើការច្រានចោល ហើយថា ស្នាមមេដៃនៅក្នុងពាក្យ​បណ្តឹង​ដែលបានប្តឹងលោក​ទៅ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនោះ គឺជាស្នាមមេដៃក្លែងក្លាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close