តាំងខ្លួនជា​ក្រុមការងារអភិបាលក្រុងដើរទារលុយពីក្លឹបហាត់ប្រាណ ឥឡូវត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

បុរស​ចំនួន២នាក់ ត្រូវ​បានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ធ្វើការ​ឃាត់ខ្លួន កាលពីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ម្សិលមិញ នៅចំណុចក្លឹបហាត់ប្រាណ MS Gym ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីបុរស​ទាំង២នាក់នេះ បានអះអាងថា ខ្លួនជា​ក្រុមការងាររបស់អភិបាល​ក្រុង​ភ្នំពេញ ហើយ​បានធ្វើសកម្មភាពទារលុយពីក្លឹបហាត់ប្រាណ។

តាមសេចក្តីរាយការណ៍ថា បុរសពីរនាក់ខាងលើនេះ បានធ្វើដំណើរដោយជិះម៉ូតូ០១គ្រឿងម៉ាក់ PCX ពណ៌ស ស្លាកលេខតាកែវ 1Y-7820 ហើយដើរទារលុយ ពីក្លឹបហាត់ប្រាណចំនួន ២០ដុល្លារ ដោយថាក្លឹបហាត់នោះល្មើសបម្រាមគោចរ។

ក្រោយ​ទទួលបានព័ត៌មាននេះ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ក៏បានចុះទៅដល់កន្លែងកើតហេតុនោះភ្លាម និងធ្វើការសាកសួរ រួចក៏បាននាំខ្លួនបុរសទាំងពីរនាក់ មកកាន់ប៉ុស្ដិ៍ដើម្បីសារសួរបន្ត ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close