សាទរកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ចូលបង្ក្រាបទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនិងក្រុមអ្នកញៀនល្បែងត្រូវបានចាប់ខ្លួន៣២នាក់!

រាជធានីភ្នំពេញ ៖ ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងទ្រង់ទ្រាយធំខាងលើនេះ បានធ្វើឡើងក្រោមបទបញ្ជា និងដឹកនាំផ្ទាល់ពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ, លោក ទៀង ចាន់សារ អធិការនគរបាលខណ្ឌ និងនាយករដ្ឋបាលខណ្ឌ លោក ចាប ឌីណា ព្រមទាំងកងកម្លាំងសមត្ថកិច្ច និងប្រជាការពារជាច្រើននាក់ផ្សេងទៀត នារសៀលថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ នេះ ។

លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជាក់ ថា ក្រោយទទួលបានព័ត៌មានសំងាត់ ពីកន្លែងលួចបើក ល្បែងស៊ីសងខាងលើនេះ លោកបានសុំគោលការណ៍ពីអភិបាលរាជធានីភ្នំពេញ រួចដឹកនាំកម្លាំងចុះមកបង្ក្រាបតែម្តង ដោយឃាត់ខ្លួនមនុស្សជាក់ស្តែង ចំនួន៣២នាក់ ដកហូតម៉ូតូជាង១០គ្រឿង និងវត្ថុតាងមួយចំនួនទៀត។ លោកថា ការលួចបើកបនល្បែងខុសច្បាប់ទាំងនេះ គឺបានបំពានវិធានការសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងតែប្រឹងប្រែង និងមួយទៀតបានធ្វើឲ្យប៉ះពាល់ដល់ ក្រុមយុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឬស្សី។ សម្រាប់មនុស្សទាំងនេះ នឹងត្រូវធ្វើតេស្តរកកូវីដ ហើយបើករកឃើញវិជ្ជមានត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័ក រួចពេលចប់នឹងចាត់ការបន្តតាមផ្លូវច្បាប់។ អភិបាលខណ្ឌដូនពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងឡាយ ជួយរាយការណ៍ដល់អាជ្ញាធរ និងសមត្ថកិច្ច បើសិនដឹងថាទីតាំងណាមានលួចបើកល្បែងស៊ីសង។ ប្រជាពលរដ្ឋអាចទាក់ទងមកលេខទូរសព្ទរបស់លោកចំនួន២ខ្សែ រួមមាន៖ 012 25 68 68 និង 097 7 256 789 ដើម្បីចុះទៅបង្ក្រាបភ្លាមៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close