កូនឈ្លោះគ្នា ឪពុកចូលទៅឃាត់ ជ្រុលដៃចាក់ឪពុកស្លាប់

បុរស​ជាឪពុកអាយុប្រមាណជិត៦០ឆ្នាំម្នាក់បានស្លាប់ ក្រោយ​ពី​ត្រូវ​កូនចាក់មួយកាំបិត ពេលគាត់ចូលទៅឃាត់កូនស្រីបង្កើត និង​កូនប្រសាឈ្លោះគ្នា។

ហេតុការណ៍នេះ បានកើត​ឡើងកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ ល្វែង មួយកន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងភូមិ​ត្នោតជ្រុំ ៤ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ ។

​ជនរងគ្រោះ ត្រូវ​បាន​បញ្ជាក់ថា​មានឈ្មោះ ប៊ុន សុ​វណ្ណា អាយុ ៥៩ ឆ្នាំ ។ ចំណែក​ជនសង្ស័យ ជា​កូន​ទាំង ២ នាក់ មានឈ្មោះ ប៊ុន សូ​ហ្វែ​រ អាយុ​២៨​ឆ្នាំ ជា​កូនស្រី​បង្កើត​របស់ ជនរងគ្រោះ និង​បុរស​ជា​កូនប្រសា របស់​ជនរងគ្រោះ មានឈ្មោះ ហេង សៅ​រស្មី អាយុ ៣១ ឆ្នាំ ។

​យោងតាម​ប្រភពព័ត៌មាន បានអោយដឹងថា នៅ​មុនពេល​កើតហេតុ ប្តី​ប្រពន្ធ​ទាំង ២ នាក់ បាន​ឈ្លោះប្រកែក​គ្នា រឿង​ប្រពន្ធ ប្រច័ណ្ឌប្តី ថា​មាន​ស្រី នៅ​ខាងក្រៅ រហូត​កើតជា​ជម្លោះ​ហិង្សា វាយតប់​គ្នា ។ ដោយ​ឮសូរ​សម្រែក នៃ​ជម្លោះ​ជេរ និង​វាយតប់ គ្នា​មក បុរសរងគ្រោះ បាន​ចូលទៅ​ជួយ ចាប់​ឃាត់​កូនៗ កុំអោយ​មាន​ការឈ្លោះគ្នា បន្តទៀត ប៉ុន្តែ​ស្របពេលនោះ ស្ត្រី​ជា​ប្រពន្ធ និង​ជា​កូនស្រី បាន​ស្ទុះ​ទៅយក​កាំបិត សាំង​គីម ពី​ក្បាល​ដំណេក បម្រុង​យកទៅ​ចាក់​ប្តី តែ​ត្រូវ​ឪពុក និង​ប្តី ស្ទុះ​ទៅ​ចាប់ ប្រតាយប្រតប់ ដណ្តើម​កាំបិត ជាហេតុ​ធ្វើអោយ​ជ្រុលដៃ ចាក់ទៅលើ​ឪពុក ចំ​ដងខ្លួន ជាច្រើន​កន្លែង ហូរឈាម ស្រោច​ពេញ​ដងខ្លួន រងរបួស​ធ្ងន់ធ្ងរ ។

​ភ្លាមៗ​នោះ ប្តី​ប្រពន្ធ​ទាំង ២ នាក់ បាន​ស្រ​វេ​ស្រវា​រដឹក​ឪពុក ទៅកាន់​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ សូ​វៀត ដើម្បី​សង្គ្រោះ ប៉ុន្តែ​អកុសល ពេល​ដឹក​ដល់​ទីនោះ ឪពុក​របស់ខ្លួន បាន​ដាច់ខ្យល់​ស្លាប់ បាត់ទៅហើយ ។

​តាម​ការធ្វើ​កោសល្យវិច័យ ពិនិត្យ​ជាក់ស្តែង ឃើញថា សព​ជនរងគ្រោះ គឺ​ត្រូវ​ចាក់​ចំ ចំនួន ៣ កាំបិត និង​ចំ ៣ កន្លែង លើ​ដងខ្លួន​ផ្សេងៗ​គ្នា ដោយ​ចាក់​ចំ​ចង្កេះ​ខាងឆ្វេង , ពោះ​, និង ដើមទ្រូង ធ្វើអោយ​ជនរងគ្រោះ បាត់បង់​ឈាម​ច្រើនពេក​រហូតដល់​ដាច់ ខ្យល់​ស្លាប់ ។

​បន្ទាប់ពី​បាន​ស្តាប់ ដំណើររឿង​រួចមក សមត្ថកិច្ច បានសម្រេច​ឃាត់ខ្លួន ប្តី​ប្រពន្ធ​ទាំង ២ នាក់ យកទៅ​កាន់​ប៉ុស្តិ៍ រដ្ឋបាល​នគរបាល ដើម្បី​ចាត់ការ ទៅតាម​ផ្លូវច្បាប់​តែម្តង ព្រោះ​ករណីនេះ ត្រូវបាន​ចាត់បញ្ចូល ជា​អំពើ​ឃាតកម្ម​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close