ក្រុមយុទ្ធជនតាលីបង់ចូលកាន់កាប់វិមានប្រធានាធិបតីអាហ្វហ្កានីស្ថានហើយ
ទាហានក្រុមតាលីបង់ នៅទីបំផុត បានសម្រុកចូលក្នុងរដ្ឋធានីកាប៊ូល នៅល្ងាចថ្ងៃអាទិត្យ ទី១៥ សីហានៅបន្ទាប់ពីមានព័ត៌មានថា ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោកអាស្រាហ្វ ហ្កានី និងអនុប្រធានាធិបតីរបស់លោកបានធ្វើដំណើរចាកចេញស្ងាត់ៗពីអាហ្វហ្កានីស្ថាន។ នៅពេលអាមេរិកបន្តជម្លៀសបុគ្គលិកស្ថានទូតទៅប្រមូលផ្តុំធ្វើការនៅព្រលានយន្តហោះ កាប៊ូល ប្រមុខការបរទេសអាមេរិក លោកអង់តូនីបាននិយាយការពារជំហរដកទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន និងបានទាត់ចោល ការនិយាយប្រៀបធៀបស្ថានការណ៍នៅអាហ្វហ្កានីស្ថានទៅនឹងព្រឹត្តិការណ៍ដកទ័ពអាមេរិក ពីទីក្រុងសៃហ្កន ប្រទេសវៀតណាម នាឆ្នាំ ១៩៧៥។
វេលាដែលក្រុមទាហានតាលីបង់ចូលដល់ច្រកចូលរដ្ឋធានីកាប៊ូល នៅថ្ងៃអាទិត្យ ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោកអាស្រាហ្វ ហ្កានី បានលួចចាកចេញស្ងាត់ៗពីទីក្រុងកាប៊ូល។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយបរទេស។ វិមានប្រធានាធិបតី មិនបានអត្ថាធិប្បាយពីព័ត៌មាននេះទេ ដោយលើកយកហេតុផលសន្តិសុខជាតិ។
អតីតអនុប្រធានាធិបតីអាហ្វហ្កានីស្ថាន លោកអាប់ឌុឡា អាប់ឌុឡា ដែលជាប្រធានក្រុមប្រឹក្សាជាន់ខ្ពស់អាហ្វហ្កានីស្ថានសម្រាប់ការចរចាជាមួយ តាលីបង់ បានបញ្ជាក់នៅក្នុងវីដេអូ បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ថា លោកប្រធានាធិបតី ហ្កានី និងអនុប្រធានាធិបតីរបស់លោកបានធ្វើដំណើរចាកចេញពីអាហ្វហ្កានីស្ថាននៅថ្ងៃអាទិត្យ។
តាមប្រភពមន្រ្តីក្រសួងមហាផ្ទៃអាហ្វហ្កានីស្ថាន ដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មានReuters លោកប្រធានាធិបតីអាហ្វហ្កានីស្ថាន ដែលក្រុមតាលីបង់បានទាមទារឲ្យចុះចេញពីតំណែង ប៉ុន្មានថ្ងៃហើយនោះ បានចាកចេញពីក្រុងកាប៊ូល សំដៅប្រទេស តាហ្ស៊ីគីស្ថាន។ ការរត់ចោលប្រទេសរបស់ប្រធានាធិបតីអាហ្វហ្កានីស្ថាន ជាសញ្ញានៃការដួលរលំរដ្ឋធានី កាប៊ូល ដែលបានធ្លាក់ទៅក្នុងដៃរបស់ពួកតាលីបង់ ដោយគ្មានការប្រយុទ្ធបង្ហូរឈាម ធំដុំណាមួយ។
ទន្ទឹមគ្នាដែលមានដំណឹងប្រធានាធិបតីអាហ្វហ្កានីស្ថាន ចាកចោលប្រទេស អ្នកនាំពាក្យម្នាក់របស់ក្រុមតាលីបង់បាននិយាយថា គេបានបញ្ជាឲ្យទាហានតាលីបង់ សម្រុកចូលរដ្ឋធានីកាប៊ូល ដើម្បីធានា ការពារសន្តិសុខ ទប់ស្កាត់ ការលួចគាស់ ឆក់ប្លន់ ក្នុងរដ្ឋធានី ដែលលែងមានវត្តមានរបស់កងកម្លាំងរក្សាសន្តិសុខអាហ្វហ្កានីស្ថាន។
ក្រុមតាលីបង់ដែលគ្រោងនឹងប្រកាស ដណ្តើមបានអំណាចទាំងស្រុង នៅអាហ្វហ្កានីស្ថាន បានបង្ហាញឥរិយាបទយោគយល់ច្រើន ដោយសន្យាថា ពួកគេនឹងបន្តគោរពសិទ្ធិមនុស្សស្រី អ្នកកាសែត និងមន្រ្តីទូតបរទេស។ នៅទីក្រុង អេរ៉ាត Hérat ក្រុមតាលីបង់បានផ្តល់លិខិត លើកលែងទោសដល់ទាហានរដ្ឋាភិបាលអាហ្វហ្កានីស្ថាន រាប់រយនាក់ ដែលបានដាក់អាវុធ ចុះចាញ់ បើកផ្លូវឲ្យសកម្មប្រយុទ្ធតាលីបង់វាយចូលកាន់កាប់ទីក្រុងខេត្ត ដោយគ្មានឧបសគ្គ។
នៅទីក្រុងកាប៊ូល មន្រ្តីជាន់ខ្ពស់ចុងក្រោយ របស់អាមេរិក ត្រូវបានជម្លៀសចេញពីស្ថានទូត ទៅនៅព្រលានយន្តហោះ ដែលជាទីតាំងចុងក្រោយ គ្រប់គ្រង រក្សាសន្តិសុខដោយកងទ័ពអាមេរិក ប្រមាណ ៥០០០ នាក់។ នៅក្នុងបទសម្ភាសន៍ជាមួយ ប្រព័ន្ធផ្សព្វផ្សាយ អាមេរិកាំង រដ្ឋមន្រ្តីការបរទេសអាមេរិក លោកអង់តូនី ប្លីងកិនបាននិយាយការពារសាជាថ្មី ជំហរ ដកទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន ដោយថា អាមេរិកបានឈ្នះ សង្រ្គាមនៅអាហ្វហ្កានីស្ថាន ព្រោះ អាមេរិកបានសម្លាប់អ្នកដែលបានវាយប្រហារភេរវកម្មទៅលើអគារភ្លោះនៅក្រុងញូវយ៉ក កាលពី ២០ឆ្នាំមុន។ ប្រមុខការបរទេសអាមេរិកបានទាត់ចោលផងដែរ ការលើកឡើង បែបប្រៀបធៀបដែលថា ស្ថានភាព នៅអាហ្វហ្កានីស្ថាន ដូចគ្នានឹងអ្វីដែលបានកើតឡើងនៅ ទីក្រុងសៃហ្កន ប្រទេសវៀតណាមកាលពី ឆ្នាំ ១៩៧៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។