រាជរដ្ឋាភិបាល អនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​ផែនការមេ អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ខេត្តមណ្ឌលគិរី ២០២១-២០៣៥

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​បានអនុម័ត ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ខេត្តមណ្ឌលគិរី សម្រាប់​ឆ្នាំ​២០២១-២០៣៥ តាមរយៈ​លិខិត​របស់ ទីស្តីការគណៈរដ្ឋមន្ត្រី លេខ ៤២៨ សជណ ចុះ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ ខណៈ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានផ្តល់​ហត្ថលេខា​លើ​អារម្ភកថា នៃ​ផែនការ​មេនេះ​ផងដែរ ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​យ៉ាង​ពេញលេញ ដល់​ការអនុវត្ត​ផែនការមេ​ដ៏​មាន​សារៈសំខាន់​នេះ​។​

​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍ ខេត្តមណ្ឌលគិរី (២០២១-២០៣០) នេះ ត្រូវបាន​សិក្សា​រៀបចំ​ដោយ​គណៈកម្មការ​អន្តរក្រសួង ដឹកនាំ​ដោយ​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​មាន​ឯកឧត្តម ថោង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍ​ទេសចរណ៍ និង​សហប្រតិបត្តិ​អន្តរជាតិ ជា​ប្រធាន​ក្រុមការងារ​បច្ចេក និង​ឯកឧត្តម ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ អភិវឌ្ឍ​ទេសចរណ៍ ជា​ប្រធាន​លេខាធិការដ្ឋាន​។​

​បើទោះបី​ប្រឈម​នឹង​វិបត្តិ​កូ​វីដ​-១៩ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង បាន​ដឹកនាំ​ការងារ​នេះ​ជាប្រចាំ និង​ម៉ត់ចត់ និង​បានផ្តល់​ជា​អនុសាសន៍​គន្លឹះ​សំខាន់ៗ​ជាច្រើន​។​ ​ផែនការ​មេនេះ បានចាប់ផ្តើម​ដំណើរការ​រៀបចំ​នៅ​អំលុង​ខែសីហា ឆ្នាំ​២០២០ និង​បានបញ្ចប់​ក្នុង​ខែសីហា ឆ្នាំ​២០២១ ដោយមាន​ការចូលរួម និង​ពិគ្រោះ​យោបល់​យ៉ាង​ទូលំទូលាយ​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ និង​ក្នុង​ក្របខណ្ឌ​អន្តរក្រសួង​។​

​ផែនការ​មេនេះ​ក៏ត្រូវ​បានការ​គាំទ្រ និង​ជំរុញ​យ៉ាងសកម្ម ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ ចាប់តាំងពី​ដំណាក់កាល​ចាប់ផ្តើម​រហូត​ទទួលបាន​ការអនុម័ត​ពី​រាជរដ្ឋាភិបាល​។​

​គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​កែប និង​ខេត្តមណ្ឌលគិរី តាមរយៈ​លិខិត​លេខ ០១ សសរ ចុះ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ ដែលមាន​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជា​ប្រធាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close