ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន

នៅព្រឹកថ្ងៃចន្ទនេះ (១៦ ខែសីហា) ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ស្តេចបានយាងទៅកាន់ទីក្រុងប៉េកាំង​ ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។

យោង​តាមព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា បានបញ្ជាក់ថា ក្នុង​ឱកាស​អវត្តមានរបស់ព្រះអង្គ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួល​ជួយ​ព្រះអង្គ​ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋស្តីទី នៃព្រះរាជាណាចក្រ​កម្ពុជា។

សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេរ​តែងតែយាងទៅពិនិត្យព្រះរាជសុខភាពចំនួនពីរដងក្នុងមួយឆ្នាំ តាមរយៈការយាងរបស់ក្រុមគ្រូពេទ្យចិន។ ហើយសម្រាប់​ឆ្នាំ២០២១នេះ ព្រះអង្គទាំងទ្វេបានយាងទៅពិនិត្យព្រះរាជសុខភាពរួចម្តងមកហើយកាលពីខែមីនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close