ឯកឧត្តម អភិបាលខេត្តព្រះសីហនុ អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង ១.២០០ម៉ែត្រ នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ……………..
លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ មានប្រសាសន៍ឱ្យដឹងថា ផ្លូវបេតុងមួយខ្សែនេះតភ្ជាប់ពីផ្លូវថេរវិថីសម្តេចតេជោ ឆ្ពោះទៅកោះព្រាប មានប្រវែង ១.២០០ម៉ែត្រ ទទឹងពី ៤ ទៅ ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ដោយប្រើឆ្អឹងដែក ១០លី ជាការជួយឧបត្ថម្ភដោយក្រុមហ៊ុនចិន AWESOME GLOBAL INVESTMENT GROUP Co,LTD។
ផ្លូវមួយខ្សែនេះ គ្រោងសាងសង់រួចរាល់ក្នុងរយៈពេល ៣៥ថ្ងៃ ប្រសិនបើអំណោយ ផលល្អមិនមានភ្លៀងធ្លាក់។ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណក្រុមហ៊ុន AWESOME GLOBAL INVESTMENT GROUP Co,LTD បានជួយស្ថាបនាផ្លូវបេតុងនេះឡើង ដើម្បីជួយសម្រួលចរាចរណ៍ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ ដោយសារតែខេត្តព្រះ សីហនុ កំពុងត្រូវបានអភិវឌ្ឍរីកចម្រើនយ៉ាងគំហុក។
ឯកឧត្តម បន្ថែមថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់និងបានចូលរួមយ៉ាងសកម្ម និងជាដៃគូដ៏សំខាន់ក្នុងការកសាង និងអភិវឌ្ឍ ខេត្តព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានអមសងខាងផ្លូវ ចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសសាងសង់ផ្លូវ ដើម្បីឱ្យដំណើរការសាងសង់ផ្លូវនេះ ប្រព្រឹត្តទៅដោយរលូន ធានាបានបរិមាណ និងគុណភាពក្នុងការប្រើប្រាស់បានយូរអង្វែង ព្រោះផ្លូវមួយខ្សែនេះជារបស់យើងទាំងអស់គ្នានិងសូមប្រជាពលរដ្ធត្រូវថែរក្សាផ្លូវមួយខ្សែអោយយូរអង្វែងតទៅថ្ងៃខាងមុខ។ដោយខ្មែរ៧មករា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។