សំបុកបក្សីជាតិរបស់កម្ពុជាចំនួន ១០ហើយ បានរកឃើញនៅដែនជម្រកសត្វព្រៃលំផាត់
សត្វត្រយងយក្ស ជាបក្សីជិតផុតពូជបំផុតមួយ នៅលើពិភពលោក និងជានិមិត្តរូបបក្សីជាតិរបស់កម្ពុជា។ ដែនជម្រកសត្វព្រៃលំផាត់ បាននឹងកំពុងគាំទ្រដល់ការរស់នៅរបស់សត្វត្រយងយក្ស។ ជារៀងរាល់ឆ្នាំក្រុមការងារយើងនៅដែនជម្រកសត្វព្រៃលំផាត់បាននឹងកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វែងរក និងកំណត់ទីតាំងពងកូនដើម្បីងាយស្រួលក្នុងការការពារក៏ដូចជាការរៀបចំផែនការសម្រាប់សកម្មភាពនាពេលខាងមុខ។ ដោយហេតុថាសត្វនេះពងកូននារដូវវស្សាការសិក្សាស្វែងរកមានការលំបាកខ្លាំងនិងទាមទារការប្រឹងប្រែងខ្ពស់។
ជាលទ្ធផលសំរាប់រដូវកាលពងកូនឆ្នាំ២០២១នេះ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល៣ខែកន្លងមកនេះ សំបុកសត្វត្រយងយក្សចំនួន១០សំបុកត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ហើយសំបុកមួយចំនួនត្រូវបានញាស់ និងមួយចំនួនទៀតកំពុងក្រាបពង ក្រោមការតាមដាននិងការពារយ៉ាងយកចិត្តទុកដាក់ពីបុគ្គលិកទីវាលរបស់យើង។
រដូវពងកូនឆ្នាំនេះនឹងបញ្ចប់នៅខែវិច្ឆិកា យើងសង្ឃឹមថាសំបុកសត្វនេះអាចរកឃើញច្រើនថែមទៀតនិងទទួលបានការតាមដាននិងការពារពីក្រុមការងារយើង។ ខណៈដែលក្រុមការងារយើងធ្វើការស្រាវជ្រាវនិងអភិរក្សបក្សីកម្រនេះយ៉ាងលំបាក អង្គការBirdLife និងអង្គការជីវិតធម្មជាតិនៅកម្ពុជាសំណូមពរដល់ប្រជាសហគមន៍ អជ្ញាធរមូលដ្ឋានសូមចូលរួមថែរក្សារការពារបក្សីជាតិយើងទាំងអស់គ្នាដោយទប់ស្កាត់និងមិនទន្ទ្រាដីដែលធ្វើអោយបាត់បង់ទីជម្រក មិនយកពងកូន និងមិនបង្ករការរំខានជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។