មនុស្ស ១,២៩៧នាក់ បាត់បង់ជីវិត ក្នុងគ្រោះរញ្ជួយដី នៅប្រទេសហៃទី
ហៃទី៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏សាហាវនៅហៃទី បានកើនឡើងដល់១,២៩៧នាក់គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ខណៈដែលប្រទេសជិតខាងបានប្រញាប់ប្រញាល់បញ្ជូនជំនួយ និងក្រុមអ្នកជួយសង្គ្រោះអោយព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិតដែលកប់នៅក្រោមកម្ទេចកម្ទី នៅមុនព្យុះត្រូពិកវាយប្រហារប្រទេសនេះ។
នៅ Les Cayes ជាទីក្រុងមាត់សមុទ្រដែលមានប្រជាជនចំនួន៩ម៉ឺននាក់ ក្រុមអ្នកជួយសង្គ្រោះពាក់មួកពណ៌ក្រហម និងអាវពណ៌ខៀវបានទាញសាកសពចេញពីគំនរបាក់បែកនៃអាគារមួយ ខណៈដែលមានគ្រឿងចក្រមេកានិចពណ៌លឿងនៅក្បែរនោះបានជួយផ្លាស់ប្តូរកម្ទេចកម្ទី។
នាយករដ្ឋមន្ត្រីហៃទីលោក Ariel Henry ដែលបានធ្វើដំណើរទៅកាន់ទីក្រុង Les Cayes បាននិយាយថា យើងត្រូវតែធ្វើការជាមួយគ្នា ដើម្បីផ្តល់ការឆ្លើយតបដែលឆាប់រហ័ស និងមានប្រសិទ្ធភាពចំពោះស្ថានភាពធ្ងន់ធ្ងរបំផុតនេះ។
គួរកត់សម្គាល់ បើតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដី USGS របស់សហរដ្ឋអាមេរិកនោះ គ្រោះមហន្តរាយរញ្ជួយដីក្នុងកម្រិត៧.២រ៉ិកទ័រខាងលើនេះ បានកើតឡើងនៅតំបន់ភាគនិរតីប្រទេសហៃទីដោយចំណុចរំញ័ររបស់វា ស្ថិតនៅចម្ងាយ៨គីឡូម៉ែត្រពីក្រុងឈ្មោះថា ប៉េទីតត្រូ ដឺនីពប៉េស (Petit Trou de Nippes) នៅជម្រៅ១០គីឡូម៉ែត្រក្រោមផ្ទៃដី ដែលអាចបង្កឲ្យមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។