លទ្ធផល​ប្រឡង​បាក់​ឌុប​ប្រកាស​ជា​ផ្លូវការ ឆ្នាំនេះ​និទ្ទេស A មាន​ត្រឹម​២៩០​នាក់​

​លទ្ធផល នៃ​ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប សម្រាប់​ឆ្នាំ​២០១៨​នេះ បានប្រកាស​ហើយ​នៅ​រសៀល​ថ្ងៃទី​៩ កញ្ញា​នេះ សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ហើយ​សម្រាប់​ខេត្ត​ផ្សេងៗ​ទៀត នឹង​ប្រកាស​នៅ​ថ្ងៃទី​១០ ខែកញ្ញា​។​

​បើតាម​ការប្រកាស​រប​ស់​ក្រសួង សម្រាប់​ឆ្នាំនេះ បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​គឺមាន​ចំនួន ៧៥០៥៩​នាក់ ក្នុងចំណោម​បេក្ខជន​ប្រឡង ១១៥ ២៦៨​នាក់ ដែល​ស្មើនឹង​ប្រមាណ​៦៦​ភាគរយ​។ តែ​ក្នុងនោះ​បេក្ខជន​ដែល​ទទួលបាន​និទ្ទេស A មាន​ចំនួន​ត្រឹម ២៩០​នាក់ ខណៈ​កាលពី​ឆ្នាំ​២០១៧ មាន​ចំនួន​៤២៤​នាក់​, និទ្ទេស B មាន​ចំនួន ១៥៣២ ខណៈ​ឆ្នាំ​២០១៧​មាន​ចំនួន ២៤៦៤​នាក់​, និទ្ទេស C មាន​ចំនួន ៤៦៣១​នាក់ ខណៈ​ឆ្នាំ​២០១៧ មាន​ចំនួន ៥០០០​នាក់​, និទ្ទេស D មាន​ចំនួន ១៣ ៩៩៩​នាក់ ខណៈ​ឆ្នាំ​២០១៧ មាន​ចំនួន ៩ ១២៣​នាក់ និង និទ្ទេស E មាន​ចំនួន ៥៤ ៦០៧​នាក់ ខណៈ​ឆ្នាំ​២០១៧ មាន​ចំនួន ៤៦ ៦៥៧​នាក់​។​

​ក្រសួង​បញ្ជាក់ថា មូល​ហេតុដែល​បេក្ខជន​ទទួលបាន​និទ្ទេស A B និង C ធ្លាក់​ចុះបើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ គឺ​ដោយសារ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្កើន​ស្តង់ដា​ប្រធាន​វិញ្ញាសា​ប្រឡង​ឲ្យ​ខ្លាំង​ជាង​មុន ក្នុង​គោលដៅ​ពង្រឹងគុណភាព​អប់រំ និង​ជំរុញ​បេក្ខជន​ឲ្យ​ខិតខំ​រៀនសូត្រ​ឲ្យ​កាន់តែ​មានចំណេះដឹង​ជ្រៅជ្រះ​ថែមទៀត​។​

​គួរ​បញ្ជាក់ដែរថា ក្នុងចំណោម​បេក្ខជន​ដែល​ទទួលបាន​និទ្ទេស A ទាំង​ចំនួន ២៩០​នាក់ គឺ​មកពី​រាជធានី​ភ្នំពេញ​ចំនួន ១៣៥​នាក់​, ខេត្តសៀមរាប ២១​នាក់​, កណ្តាល ១៦​នាក់​, បាត់ដំបង ១៥​នាក់​, តាកែវ ១៥​នាក់​, កំពង់ចាម ១៣​នាក់​, កំពត ១១​នាក់​, ត្បូងឃ្មុំ ៩​នាក់​, កំពង់ធំ ៩​នាក់​, កំពង់ឆ្នាំង ៩​នាក់​, បន្ទាយមានជ័យ ៩​នាក់​, ព្រៃវែង ៨​នាក់​, ក្រចេះ ៦​នាក់​, ពោធិ៍សាត់ ៤​នាក់​, ស្វាយរៀង ៣​នាក់​, កំពង់ស្ពឺ ៣​នាក់​, ព្រះសីហនុ ៣​នាក់ និង​ខេត្តរតនគិរី ១​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close