២ថ្ងៃ! ពលករខ្មែរជាង ១ ៦០០នាក់ ត្រឡប់ចូលមកកម្ពុជាវិញ តាមច្រកចំនួន៤ នៃខេត្តបន្ទាយមានជ័យ ខណៈរកឃើញអ្នកឆ្លងកូវីដជាង ២៥០នាក់
បន្ទាយមានជ័យ៖ ពលករខ្មែរចំនួន ១.៦០៤នាក់ បានត្រឡប់មកកម្ពុជាវិញ តាមច្រកចំនួន៤ នៃខេត្តបន្ទាយមានជ័យ គឺច្រកបឹងត្រកួន ច្រកអូរបីជាន់ ច្រកម៉ាឡៃ និងច្រកអន្តរជាតិប៉ោយប៉ែត ត្រឹមរយៈពេល២ថ្ងៃ គឺថ្ងៃទី១៥ និង១៦ ខែសីហា ឆ្នាំ២០២១ ហើយបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ២៥៨នាក់។
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការ យោធភូមិភាគទី៥ បានឱ្យដឹងថា ស្ថានភាពពលករខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មានចំនួនសរុប ១.៦០៤នាក់ ក្នុងរយៈពេលពីរថ្ងៃមកនេះ នៅតាមច្រកចំនួន៤គឺ៖ ច្រកបឹងត្រកួន ស្រុកថ្មពួក មានចំនួន ២២០នាក់ មានអ្នកឆ្លងកូវីដ-១៩ចំនួន ១៨នាក់។ ច្រកអូរបីជាន់ ស្រុកអូរជ្រៅ មានចំនួន ៨៤៧នាក់ មានអ្នកឆ្លងកូវីដ-១៩ ចំនួន ១៧១នាក់។ ច្រកម៉ាឡៃ ស្រុកម៉ាឡៃ អ្នកចំនួន ៣៣៩នាក់ មានអ្នកឆ្លងកូវីដ-១៩ចំនួន ៣៨នាក់។ និងច្រកអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានចំនួន ១៩៨នាក់ មានអ្នកឆ្លងកូវីដ-១៩ចំនួន ៣១នាក់។
លោក បានបញ្ជាក់ទៀតថា អ្នកកើតកូវីដ-១៩ ដែលមានចំនួន ២៥៨នាក់ ត្រូវបានអាជ្ញាធរ និងកងកម្លាំង ដឹកតាមរថយន្តរបស់កងទ័ពយកទៅដាក់មណ្ឌលព្យាបាលនៅក្នុងខេត្តបន្ទាយមានជ័យអស់ហើយ។ ចំណែកអ្នកអវិជ្ជមាន បានបញ្ជូនទៅមណ្ឌលសំចតត្រួតពិនិត្យសុខភាពបន្ត មុននឹងបញ្ជូនទៅមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។