អាសូរណាស់! ក្មេងប្រុសស្រី ២នាក់ ឆេះស្លាប់ក្នុងភ្លើងយ៉ាងអណោចអធម៌ នៅខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ ក្មេងប្រុសស្រីចំនួន ២នាក់ បានឆេះស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអណោចអធម៌ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យ ដោយទុស្សេខ្សែភ្លើង ខណៈគ្មានអ្នកនៅផ្ទះ កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ នៅភូមិពោធិរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
អាជ្ញាធរស្រុកសាមគ្គីមានជ័យ បានឲ្យដឹងថា ក្មេងរងគ្រោះទាំង២នាក់ ឈ្មោះ នឿន ចិត្រា ភេទប្រុស អាយុ១០ឆ្នាំ និងឈ្មោះ នឿន ចន្ថា ភេទស្រី អាយុ៧ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ។ មុនពេលកើតហេតុ ឪពុកម្តាយក្មេងទាំងពីរនាក់បានទៅធ្វើការរោងចក្រ ទុកឱ្យនៅជាមួយយាយ និងតា។
លុះដល់ម៉ោងប្រមាណជាង ៩ យាយ និងតាទៅផ្សារ និងបានទុកក្មេងរងគ្រោះទាំង ២នាក់នៅក្នុងផ្ទះ ដោយបានខ្ទាស់សោជាប់ ខណៈនោះក៏ទុស្សេខ្សែភ្លើងឆេះផ្ទះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យក្មេងទាំង២នាក់ ឆេះស្លាប់ក្នុងភ្នក់ភ្លើងនៅក្នុងផ្ទះតែម្តង។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋ បានជួយអន្តរាគម៍ពន្លត់អគ្គិភ័យដែរ តែជាអកុសល មិនអាចជួយទាន់ តែមិនបានបង្កឲ្យរាលដាលឆេះផ្ទះអ្នកស្រុកឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។