៦​ខែ ឆ្នាំនេះ​! កម្ពុជា នាំ​ចេញទៅ​ទីផ្សារ​សហរដ្ឋអាមេរិក កើនឡើង​ជិត​៣២%

​ភ្នំពេញ​៖ យោងតាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​សហរ​ដ្ឋ​អាមេរិក បាន​ឲ្យ​ដឹងថា ការនាំចេញ​របស់​កម្ពុ​ជា នៅ​រយៈពេល ៦​ខែ​ឆ្នាំ ២០២១​នេះ មានតម្លៃ​ទឹកប្រាក់ ៣៦៣៧​លាន​ដុល្លារ​អាមេរិក កើនឡើង ៣១,៩១​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។

​សហរដ្ឋអាមេរិក បាន​ក្លាយជា​ទីផ្សារ​នាំចេញ​ធំ​បំផុត​របស់​កម្ពុជា កាលពី​ឆ្នាំ ២០២០​។ ការនាំចេញ​របស់​កម្ពុ​ជា ទៅ​សហរដ្ឋ​អាម​រិ​ក ក្នុង​រយៈពេល​នេះ មាន​កំណើន​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ខណៈដែល​ស្ថានភាព​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​សហរដ្ឋអាមេរិក កាន់តែ​ធូរស្រាល និង​ការរំពឹងទុក​ពី​ការ​ងើបឡើង​វិញ​លឿន​នៃ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក និង​សេដ្ឋកិច្ច​សកល​។​

​របាយការណ៍​នេះ បាន​ឲ្យ​ដឹង​ទៀតថា ការនាំ​ចូល​របស់​កម្ពុ​ជា ពី​សហរដ្ឋអាមេរិក នៅ​ចន្លោះ​ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០២១ មានតម្លៃ​ទឹកប្រាក់​សរុប ២០២​លាន​ដុល្លារ​អាមេរិក កើនឡើង ៤០,២៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​ទំនិញ​ដែល​នាំ​ចេញពី​កម្ពុជា ទៅ​ទីផ្សារ​អាមេរិក​ភាគច្រើន​ជា​ផលិតផល​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ស្បែកជើង និង​កាបូប​សម្រាប់​ធ្វើដំណើរ​។ ចំណែក​មុខទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំចូល​ពី​សហរដ្ឋអាមេរិក​មានដូចជា គ្រឿង​អេ​ឡិ​ត​ត្រូ​និក យានយន្ត គ្រឿងចក្រ ឳ​សថ និង​បរិក្ខា​ពេទ្យ​ជាដើម​។​

​ការនាំចេញ​របស់​កម្ពុ​ជា ទៅ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ ២០២០ មានតម្លៃ​ទឹកប្រាក់​សរុប ៦៥៧៧​លាន​ដុល្លារ​អាមេរិក បាន​កើនឡើង ២២,៧៩​ភាគរយ បើ​ធៀប​កាលពី​ឆ្នាំ ២០១៩​។ ដោយឡែក​ការនាំចេញ​របស់​សហរ​ដ្ឋ​អាមេរិក ត្រឡប់មក​កម្ពុជា​វិញ នៅ​ឆ្នាំ ២០២០ មានតម្លៃ​ទឹកប្រាក់​សរុប​ប្រមាណ ៣៤៣​លាន​ដុល្លារ បាន​ធ្លាក់ចុះ ៣៣,២៦​ភាគរយ​។ យោង​នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងពាណិជ្ជកម្ម​សហរ​ដ្ឋ​អាមេរិក​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close