ចាប់ខ្លួនមេខ្យល់ ៣នាក់ ករណីនាំមនុស្ស ៤៤នាក់ លួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ
ខេត្តបាត់ដំបង៖ កាលពីព្រឹក ថ្ងៃទី១៧ខែសីហា ឆ្នាំ២០២១ នគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ដែលនាំមនុស្សឆ្លងដែនខុសច្បាប់ លួចចូលទៅប្រទេសថៃ នៅចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង។
នគរបាលជំនាញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ និងរថយន្តប្រភេទដឹកជញ្ជូនម៉ាកសាំយ៉ុងចំនួន ២គ្រឿង ដោយមានប្រជាពលរដ្ឋ ដែលសន្និដ្ឋានថា ជាពលករ និងកូនចៅរបស់គាត់ជាជនរងគ្រោះ ក្នុងអំពើនាំចេញនេះចំនួន ៤៤នាក់ ស្រីចំនួន១០នាក់ អនីតិជនចំនួន ១២នាក់ ស្រី០១នាក់។ ពួកគាត់ទាំងអស់ ជាអ្នករស់នៅឯខេត្តកំពង់ចាម។
មេខ្យល់ទាំង ៣នាក់នោះ ទី១-ឈ្មោះ ហេង ច័ន្ទដារា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិត្របែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ជាអ្នកដឹកជញ្ជូន។ ទី២-ឈ្មោះ ឆេន រ័ត្នវ័ន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិពពិត ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ជាអ្នកដឹកជញ្ជូន។ និងទី៣-ឈ្មោះ សេង ឈុន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ជាអ្នកដើរប្រមូលមនុស្ស។
បច្ចុប្បន្នមេខ្យល់ទាំង ៣នាក់ និងរថយន្ត ត្រូវបាននគរបាលស្រុក កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីអនុវត្តតាមច្បាប់។ រីឯប្រជាពលរដ្ឋរងគ្រោះ បានអប់រំណែនាំ រួចឱ្យវិលទៅលំនៅដ្ឋានវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។