ក្រុម​តា​លី​បង់ ចង់​បង្កើត​រដ្ឋាភិបាល​រួបរួម ផ្តល់​សិទ្ធិ​ដល់​ស្ត្រី មិន​ចោទប្រកាន់​ទោស​ដល់​អតីត​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ចាស​

​ស្ថានភាព​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​និ​ស្ថាន មាន​សភាព​ល្អប្រសើរ​ឡើង​វិញ ក្រោយ​ក្រុម​តា​លី​បង់​បាន​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ។ ជាមួយគ្នានេះដែរ ក្រុម​តា​លី​បង់​ចង់​មាន​ទំនាក់ទំនង​ប្រកបដោយ​សន្តិភាព​ជាមួយ​បណ្ដា​ប្រទេស​ដទៃ អមដោយ​ការសន្យា​ផ្ដល់​ទី​សុវត្ថិភាព និង​លើកលែងទោស​ឱ្យ​ជនជាតិ​អា​ហ្វ​ហ្កា​នី​ស្ថាន​ទាំងអស់​ដែល​ធ្លាប់ធ្វើ​ការឱ្យ​សហរដ្ឋអាមេរិក ឬ​បក្សសម្ព័ន្ធ​យោធា NATO​។​

​ការបង្ហាញ​ពី​ចេតនា​ផ្សះផ្សា​ជាតិ​របស់​ក្រុម​តា​លី​បង់ ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ជា​លើកដំបូង នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ បន្ទាប់ពី​ឡើងកាន់​អំណាច​សាជាថ្មី នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​។

អ្នកនាំពាក្យ​ក្រុម​តា​លី​បង់ លោក ហ្សា​ប៊ី​ហ៊ូ​ល​ឡោះ មូ​ចា​ហ៊ី​ដ (Zabihullah Mujahid) បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖ «​ដោយសារតែ​ជំនាញ និង​ទេពកោសល្យ​របស់​ពួកគេ យើង​មិន​ចង់ឱ្យ​ពួកគេ​ចាក​ចេញពី​ប្រទេស​ឡើយ ហើយ​ចង់ឱ្យ​ពួកគេ​ជួយ​បម្រើ​ជាតិ​របស់​ពួកគេ​»​។

អ្នកនាំពាក្យ​តា​លី​បង់​រូបនេះ ក៏បាន​សន្យា​ដែរ​ថា​ស្ត្រី​អា​ហ្វ​ហ្កា​នី​ស្ថាន​នឹងត្រូវ​បានអនុញ្ញាត​ឱ្យធ្វើ​ការ និង​ចូល​សាលារៀន ព្រមទាំង​មាន​តួនាទី​យ៉ាងសកម្ម​ក្នុងសង្គម ប៉ុន្តែ​ត្រូវ​ស្ថិតនៅក្រោម​ក្របខណ្ឌ អ៉ី​ស្លាម​។​

​គួរ​បញ្ជាក់ថា បើតាម​លោក Zabihullah Mujahid រដ្ឋាភិបាល​ថ្មី​មួយ​របស់​ក្រុម​តា​លី​បង់​នឹងត្រូវ​ប្រកាស​បង្កើតឡើង​ក្នុងពេល​ឆាប់ៗ​នេះ​។ ប៉ុន្តែ​ទន្ទឹមគ្នា បណ្ដា​ប្រទេស ជាច្រើន​បាននាំគ្នា​ជម្លៀស​បុគ្គលិក​ទូត​របស់ខ្លួន​ចេញពី​អា​ហ្វ​ហ្កា​នី​ស្ថាន ហើយ​ពួកគេ​ត្រូវបាន​គេ​មើលឃើញថា​ហាក់ដូច​គ្មាន​បំណង​ទទួលស្គាល់ រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន​ថ្មី ក្រោម​ការដឹកនាំ​របស់​តា​លី​បង់​ឡើយ ក្នុងនោះ​ជាពិសេស​គឺ​អង់គ្លេស​តែម្ដង​ដែល​អះអាងថា​នឹងមិន​ត្រឡប់​ទៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​វិញ​ទេ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close