ក្រសួងកសិកម្ម ៖ ការបង្កបង្កើនផលដំណាំស្រូវរដូវវស្សាឆ្នាំនេះ មានសភាពលឿនជាងឆ្នាំមុន
នៅក្នុងសេចក្តីសន្និដ្ឋាន នៃរបាយការណ៍បង្កបង្កើនផលដំណាំរដូវវស្សាឆ្នាំ២០២១នេះ ក្រសួងកសិកម្មបានលើកឡើងថា រហូតមកដល់សប្តាហ៍ទី៣ ក្នុងខែសីហានេះ ស្ថានភាពការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាមានសភាពលឿនជាងឆ្នាំមុនដោយសម្រេចបាន ២ ៦៥៨ ៧៥៦ហ.ត ស្មើនឹង ១០១,៩០ភាគរយ នៃផែនការដាំដុះ ដែលឆ្នាំមុនសម្រេចបានតែ ៩៤,៧៤ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា។
ក្នុងនោះស្រូវដែលប្រជាពលរដ្ឋសាបព្រួសរួមមាន៖
– ស្រូវស្រាលចំនួន ៨៩០ ៦៤៥ហ.ត លើសឆ្នាំមុន ១៧៩ ៦០០ហ.ត
– ស្រូវកណ្ដាលចំនួន ១ ២៨៩ ៧៦២ហ.ត លើសឆ្នាំមុន ២៧ ០៧៦ហ.ត
– ស្រូវធ្ងន់ចំនួន ៤៣៦ ០៩១ហ.ត លើសឆ្នាំមុន ៩ ៨៦៥ហ.ត
– ស្រូវចម្ការចំនួន ១៩ ៦១២ហ.ត លើសឆ្នាំមុន ១ ១១៦ហ.ត
– ស្រូវទ្បើងទឹកចំនួន ២២ ៦៤៦ហ.ត តិចជាងឆ្នាំមុន ១០ ៧៨៧ហ.ត។
ដោយឡែកការងារប្រមូលផលស្រូវស្រាលនៅដើមរដូវនេះវិញសម្រេចបានចំនួន ៣០២ ៣៣៧ហ.ត លើផ្ទៃដីអនុវត្តស្រូវស្រាលសរុប ៨៩០ ៦៤៥ហ.ត ដោយទទួលបានបរិមាណផលសរុបចំនួន ១ ២៦៧ ៧៩១តោន លើសឆ្នាំមុន ៧៨៩ ១៥១តោន។
យ៉ាងណាក៏ដោយ ក្រសួងកសិកម្មក៏បានបង្ហាញពីរបាយការណ៍ នៃការខូចខាតផងដែរ ដោយគិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដំណាំស្រូវនៅខេត្តចំនួន៤ មានបន្ទាយមានជ័យ កណ្តាល ពោធិ៍សាត់ និងខេត្តសៀមរាប បានរងផលប៉ះពាល់ និងខូចខាតដោយគ្រោះរាំងស្ងួត សរុបចំនួន ៦៧ ៩៤២ហ.ត ស្មើនឹង ២,៥៦ភាគរយ នៃផ្ទៃដីដំណាំស្រូវអនុវត្តបានទូទាំងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។