ពលរដ្ឋ​ខ្មែរ​មួយ​គ្រួ​សារ ៣​នាក់ស្លាប់ ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រន្ធត់ នៅ​ទឹកដី​ថៃ​!

​ខេត្តបន្ទាយមានជ័យ​៖ ពលរដ្ឋ​ខ្មែរ​ចំនួន ៣​នាក់ ម្តាយ​និង​កូន បាន​ស្លាប់ ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១​ម្សិលមិញ លើទឹក​ដី​ថៃ ក្នុងភូមិ​ណា​ង៉ា​ម ឃុំ​តាប់​ប្រា​យ៉ា ស្រុក​តាប់​ប្រា​យ៉ា ខេត្ត​ស្រះកែវ​។​

​នគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង ៣​នាក់ ម្តាយ និង​កូន គឺ​ឈ្មោះ ជួន ចាន់​កុង អាយុ​២៤​ឆ្នាំ (​ជា​ម្តាយ​) និង​កូន​២​នាក់​ទៀត ឈ្មោះ ហេង បូ​ណា ភេទ​ស្រី អាយុ​៣​ឆ្នាំ និង​ឈ្មោះ ហេង សេង​មុន្នី អាយុ​២​ខែ​។ ទាំង​០៣​នាក់ មាន​ស្រុកកំណើត​រស់នៅ​ភូមិ​សាមគ្គី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ប្រភព​ដដែល បាន​បញ្ជាក់ថា មូលហេតុ​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់ បណ្តាលមកពី​អ្នកបើករថយន្ត​ឈ្នួល​ជា​ជាតិ​ថៃ បើករថយន្ត​មាន​ល្បឿន​លឿន រថយន្ត​បាន​រ៉េ​ចង្កូត​ធ្លាក់ចូល​ប្រឡាយទឹក បណ្តាល​ឲ្យ​ឲ្យ​ស្លាប់​អ្នករួមដំណើរ​ជា​ជន​ខ្មែរ ៣​នាក់ ម្តាយ​និង​កូន និង​អ្នកបើកបរ​ជា​ជនជាតិ​ថៃ បាន​ស្លាប់​ផងដែរ​។​

​ករណីនេះ នៅវេលា​ម៉ោង​៤ និង​៥០​នាទី​ល្ងាច ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១ អាជ្ញាធរ​ថៃ បាន​ដឹក​សព​ម្តាយ និង​កូន​ទាំង​០៣​នាក់ តាម​ច្រកទ្វារ​បឹង​ត្រកួន ប្រគល់​ឲ្យ​អាជ្ញាធរ​ខ្មែរ ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close