ករណីក្រុមគ្រឿងញៀនបាញ់តដៃជាមួយសមត្ថកិច្ចប៉ុន្មានថ្ងៃមុន សមត្ថកិច្ច​ចាប់បាន២នាក់ រួមទាំងគ្រឿងញៀនជាង​២៨គីឡូក្រាម

កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧) និងមានការចូលរួមពីកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដំណើរការស៊ើបអង្កេត និងស្រាវជ្រាវបង្រ្កាបលើ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ដោយគោលដៅទី១-បណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀបខ័ណ្ឌ ជ្រោយចង្វារ រាជធានី ភ្នំពេញ និងគោលដៅទី២-ផ្ទះលេខ៣២ ផ្លូវC ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងអំឡុងពេលកិច្ចប្រតិបត្តិការបង្រ្កាបនោះ ជនល្មើសបានធ្វើការតដៃដោយបាញ់មកលើកម្លាំងសមត្ថកិច្ច ដែលធ្វើអោយសមត្ថកិច្ចត្រូវបាញ់តបត ដើម្បីការពារខ្លួនវិញ និងបានធ្វើអោយជនល្មើសទម្លាក់អាវុធប្រគល់ខ្លួនអោយសមត្ថកិច្ច។

ក្នុងប្រតិបត្តិការបង្រ្កាបប្រកបដោយគ្រោះថ្នាក់ខាងលើនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២នាក់៖ ១-ឈ្មោះ គីម តាត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ, ២-ឈ្មោះ ប្រាក់ សឺត ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិ ថៃ និងចាប់យកវត្ថុតាងសារធាតុញៀនប្រភេទម៉តំហ្វេតាមីន(ICE) ចំនួន២៤កញ្ចប់ធំ ទម្ងន់ប្រមាណជាង២៤គីឡូក្រាម, ប្រភេទអ៊ិចស្តាស៊ី (MDMA) ១៤កញ្ចប់ ទម្ងន់ប្រមាណ ៤គីឡូក្រាម ព្រមទាំងសម្ភារចាប់យកមាន រថយន្ត ៤គ្រឿង, ទូរសព្ទ័ ៦គ្រឿង, អាវុធខ្លី ម៉ាករ៉ូឡូ ១ដើម សំបកគ្រាប់ ៣គ្រាប់ និងគ្រាប់មិនទាន់បាញ់ ៣គ្រាប់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close