បន្លំជាសមត្ថកិច្ចដាក់កុងត្រូលទារលុយពីពលរដ្ឋតាមផ្លូវ ឥឡូវ​សមត្ថកិច្ច​ចាប់បញ្ជូនទៅ​គុកហើយ

កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០១នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោស ពាក់ព័ន្ធករណី ក្លែងបន្លំជាសមត្ថកិច្ចដាក់កុងត្រូជជុះឃាត់រថយន្តដឹកបន្លែរបស់ពលរដ្ឋ ដើម្បីសំឡុតគំរាមកំហែងទារប្រាក់។

លោក  រ័ត្ន ស្រ៊ាង មេបញ្ជា​ការ​កង​រាជអាវុធហត្ថ​រាជធានីភ្នំពេញ​បាន​ឲ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោបានជិះល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនក៏ប្រទះឃើញមានករណីនេះកើតមានពិតប្រាកដមែន ហើយ​ភ្លាមនោះកម្លាំងល្បាតធ្វើការបង្ក្រាបបានជាក់ស្តែង នៅចំណុចមុខការដ្ឋានផ្ទះល្វែង ផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីវេលាម៉ោង១២៖៤០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចិន គោ ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ រថយន្តម៉ាកហ្វតចង្កូតស្តាំមួយគ្រឿង ពណ៌ទឹកសមុទ្រ រួមនឹងកោនចរាចរណ៍០៦ដើម។

ក្រោមវិធានការជំនាញ ជនសង្ស័យខាងលើបានសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀត ពិតជាបានឃាត់រថយន្តហ៊ីយ៉ានដាយដឹកបន្លែមួយគ្រឿង ដោយខ្លួនអះអាងប្រាប់តៃកុងឡានថាខ្លួនជា សមត្ថកិច្ច និងបានគំរាមកំហែងទារប្រាក់ពីតៃកុងឡាន ពិតប្រាកដមែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close