វៀតណាម ប្រកាស​ពី​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​ជាង ១​ម៉ឺន​ករណី​ទៀត ខណៈ​ករណី​ស្លាប់​កើន ៣៤៨​នាក់​ទៀត

​វៀតណាម​៖ ក្រសួងសុខាភិបាល​វៀត​ណា​ម បានប្រកាសថា កាលពី​ថ្ងៃទី​២៤ សីហា ២០២១ ខ្លួន​បាន​រកឃើញ​ករណី​ឆ្លង​ថ្មីៗ នៃ​ជំងឺ​កូ​វីដ​១៩ រហូតដល់ ១០,៨១១​ករណី​បន្ថែមទៀត ខណៈ​ស្ថានការណ៍​កូ​វីដ​១៩ នៅក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ ហាក់​មិនមាន​ធូរស្បើយ​ឡើយ នេះ​បើតាម​តាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន Viet Nam News​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ មានតែ​១៤​ករណី​ប៉ុណ្ណោះ​ជា​ករណី​នាំចូល ក្រៅពីនោះ​ជា​ករណី​ឆ្លង​ក្នុងស្រុក​ទាំងអស់ ខណៈ​ទីក្រុង​ហូជីមិញ​ដែលជា​ចំណុចកណ្តាល នៃ​ការផ្ទុះ​រីក​រាល​នៃ​ជំងឺ​នេះ​បាន​រ៉ាប់រង​ករណី​ឆ្លង​ថ្មី​តែឯង​រហូតដល់ ៤,៦២៧​នាក់​។​ ​ក្នុង​ថ្ងៃ​ម្សិលមិញ​នេះដែរ ក្រសួងសុខាភិបាល​វៀត​ណា​ម​ក៏បាន​ប្រកាស​រកឃើញ​អ្នកស្លាប់​ថ្មី ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ចំនួន ៣៤៨​នាក់​ទៀតផង​ដែរ​។​

​គិត​ត្រឹម​យប់​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១ វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​នៅ​ទូទាំងប្រទេស​ចំនួន ៣៦៩,២៦៧​នាក់ ក្នុងនោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន ១៦២,២៧៩​នាក់ ខណៈ​ចំនួន​អ្នកស្លាប់ ៩,០១៤​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close