បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន ២​នាក់ ប្រដាប់​ដោយ​អាវុធ​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច និង​រឹបអូស​គ្រឿងញៀន​ជាង ២៨​គីឡូក្រាម​!

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១​នេះ នគរបាល​រាជធានី​ភ្នំពេញ បានបង្ហាញ​មុខ​ក្រុម​ឧក្រិដ្ឋជន​ចំនួន ២​នាក់ ដែល​ប្រដាប់​ដោយ​អាវុធ​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច និង​រឹបអូស​គ្រឿងញៀន​ជាង ២៨​គីឡូក្រាម​។​

សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​ខាងលើ ធ្វើឡើង​កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១ លើ​២​គោលដៅ​ផ្សេងគ្នា គឺ​ទី​១-​បណ្តោយ​ផ្លូវជាតិ​លេខ​៦A សង្កាត់​ព្រែកលៀប​ខ័​ណ្ឌ ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​ទី​២-​ផ្ទះ​លេខ​៣២ ផ្លូវ​C ស្ថិត​ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់ថា ក្នុងអំឡុងពេល​កិច្ចប្រតិបត្តិការ​បង្ក្រាប ជនល្មើស​បានធ្វើការ​ត​ដៃ​ដោយ​បាញ់​មកលើ​កម្លាំង​សមត្ថកិច្ច ដែល​ធ្វើអោយ​សមត្ថកិច្ច​ត្រូវ​បាញ់​តបត ដើម្បី​ការពារ​ខ្លួន​វិញ និង​បានធ្វើអោយ​ជនល្មើស​ទម្លាក់អាវុធ​ប្រគល់​ខ្លួន​អោយ​សមត្ថកិច្ច​។​

​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ប្រកបដោយ​គ្រោះថ្នាក់​ខាងលើនេះ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ឈ្មោះ គីម សម្ភោគ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ និង​ឈ្មោះ Nak Praksert ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជនជាតិ​ថៃ passport no AC2045627 ។​

​ចំណែក​វត្ថុតាង​រី​ប​អូស​បាន មេ​តំ​ហ្វេ​តា​មីន​(ICE) ចំនួន ២៤​កញ្ចប់​ធំ ទម្ងន់ ២៣​គ​.​ក្រ ៩៣៦​ក្រាម​,
​អ៊ិ​ច​ស្តា​ស៊ី (MDMA) ១៤​កញ្ចប់ ទម្ងន់ ៤​គ​.​ក្រ ៨៣៨.៧៧​ក្រាម​, ​រថយន្ត ៤​គ្រឿង​, ទូរ​សព្ទ័ ៦​គ្រឿង​, អាវុធខ្លី ម៉ាក​រ៉ូឡូ ១​ដើម សំបក​គ្រាប់ ៣​គ្រាប់ និង​គ្រាប់​មិនទាន់​បាញ់ ៣​គ្រាប់​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ចាប់យក​ខាងលើ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close