អាជ្ញាធរខេត្តកោះកុងរកឃើញ​ការសង់ផ្ទះ ការអារឈើ និងឈូសឆាយដីលើកោះម្នាស់ ដោយខុសច្បាប់

កាលពីថ្ងៃពុធ (២៥ ខែសីហា) លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត និងមានការចូលរួមពីអាជ្ញាធរស្រុក និងឃុំ ចុះទៅ​ពិនិត្យទីតាំងគម្រោងវិនិយោគកោះម្នាស់ នៃតំបន់វិស្សមកាលតារាសាគរ ស្ថិតក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ដែលត្រូវបានក្រុមហ៊ុន រាយការណ៍ថា មានការលួចឈូសឆាយដី និងសាងសង់សំណង់ដោយខុសច្បាប់ ហើយក្នុងនោះក្រុមហ៊ុនស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយពីរដ្ឋបាលខេត្ត។

តាមរយៈការចុះពិនិត្យជាក់ស្តែង ក្រុមការងាររកឃើញថា ពិតជាមានការសង់ជាសំណង់ផ្ទះ មានការអារឈើ និងឈូសឆាយដីលើកោះម្នាស់ ដែលស្ថិតក្នុងគម្រោងវិនិយោគ របស់ក្រុមហ៊ុនពិតប្រាកដមែន។

យ៉ាងណាក៏ដោយ ក្រុមការងារកំពុង​រៀបចំជារបាយការណ៍រួមមួយ ដើម្បីដាក់ជូនលោកជំទាវអភិបាលខេត្ត ពិនិត្យ និងដោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close