កប៉ាល់ដែល​លួច​ដឹកប្រេងរបស់កម្ពុជាជិត៣០ម៉ឺនបារ៉ែល ត្រូវចាប់បាននៅដែនសមុទ្រប្រទេសឥណ្ឌូនេស៉ី

កងទ័ពជើងទឹកឥណ្ឌូនេស៉ី កាលពីថ្ងៃពុធបានឲ្យដឹងថា ខ្លួនបានរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿង និងក្រុមនាវិករបស់កប៉ាល់នោះ ដែលបានស្ថិតក្រោមការតាមចាប់ពីបទលួចយកប្រេងឆៅសរុបជិត៣០ម៉ឺនបារ៉ែល ដែលបូមពីអណ្តូងប្រេងរបស់កម្ពុជា។

យោងតាមយោធាឥណ្ឌូណេស៉ី កប៉ាល់ដឹកប្រេងឈ្មោះ MT Strovolos ដែលដោតទង់ជាតិបាហាម៉ា ត្រូវចាប់ឃាត់នៅក្បែរកោះស៊ូម៉ាត្រា បន្ទាប់ពីអាជ្ញាធរកម្ពុជា បានស្នើឲ្យស្ថាប័នប៉ូលិសអន្តរជាតិ Interpol ចេញសេចក្តីប្រកាសពណ៌ក្រហម ដើម្បីឲ្យមានការជួយធ្វើអន្តរាគមន៍ ក្នុងការតាមចាប់កប៉ាល់មួយគ្រឿងនោះ ដែលត្រូវបានចោទប្រកាន់ពីបទលួចប្រេងឆៅរបស់កម្ពុជា។

កងទ័ពជើងទឹកឥណ្ឌូណេស៉ីបានបន្ថែមថា ខ្លួនកំពុងសួរចម្លើយក្រុមនាវិករបស់កប៉ាល់នោះ ដែលមានជនជាតិឥណ្ឌា១៣នាក់, ជនជាតិបង់ក្លាដែស៣នាក់ និងជនជាតិមីយ៉ាន់ម៉ា៣នាក់។

កប៉ាល់ដឹកប្រេងនោះ បានធ្វើដំណើរពីប្រទេសថៃ ទៅកាន់កោះ Batam និងបានបិទប្រព័ន្ធបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន ហើយចតដោយខុសច្បាប់នៅក្នុងដែនទឹករបស់ឥណ្ឌូណេស៉ី។

កប៉ាល់ដឹកប្រេងខាងលើត្រូវបានជួលដោយក្រុមហ៊ុនសិង្ហបុរី KrisEnergy សម្រាប់ផ្ទុកប្រេង ដោយក្រុមហ៊ុននេះ បានសហការជាមួយកម្ពុជា ជុំវិញគម្រោងបូមប្រេងរបស់កម្ពុជា ក្នុងប្លុក A តំបន់អប្សរា។ ប៉ុន្តែកាលពីខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុន KrisEnergy បានប្រកាសក្ស័យធន ដោយមិនអាចសងបំណុល ហើយត្រូវបានអះអាងថាក្រុមហ៊ុននេះ នៅជំពាក់ប្រាក់ក្រុមនាវិករបស់កប៉ាល់ MT Strovolos។

លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពលកម្ពុជា បានថ្លែងថា កម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់ភាគីឥណ្ឌូនេស៉ីរួចហើយ តាមរយៈក្រសួងការបរទេស ហើយ​ឥឡូវនេះភាគីឥណ្ឌូនេស៉ីកំពុងចាត់ការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close