អាជ្ញាធរ​ជាតិ​អប្សរា រៀបចំ​ជួសជុល​ពង្រឹង​ខឿន​រួត​បាកាណ នៅ​អង្គរវត្ត​

​ខេត្តសៀមរាប​៖ ក្រុមការងារ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ត្រៀម​អនុវត្ត​គម្រោង​ជួសជុល​ពង្រឹង​ខឿន​រួត​បាកាណ ដោយ​រៀបចំ​ពិធីបួងសួង​តាម​ទំនៀមទម្លាប់​បុរាណ​ដើម្បី​ធ្វើការ​ជួសជុល កាលពី​ថ្ងៃទី​២៤ សីហា កន្លងទៅ​។​

​លោក ម៉ៅ សុខ​នី ប្រធាន​គម្រោង​ជួសជុល នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ មានប្រសាសន៍ថា គម្រោង​នេះ នឹង​អនុវត្ត​រយៈពេល​៥​ឆ្នាំ ក្នុង​បំណង​ដើម្បី​ពង្រឹង​ខឿន​រួត​បាកាណ​ឱ្យ​រឹងមាំ​ឡើងវិញ ក្រោយ​ស្ថានភាព​ថ្ម​មានការ​ធ្លាក់ និង​ញែក​ចេញពី​គ្នា​។ លោក ម៉ៅ សុខ​នី បន្ថែមថា​៖« យើង​កំពុង​សិក្សា​ចែក​ភិនភាគ​ថ្ម វា​មាន​ថ្ម​ដំបូល ថ្ម​ហោជាង ចែក​វា​ឱ្យដាច់ ស្រួល​ពេល​យើង​រៀបចំ​ទៅវិញ​»​។

​តាម​ការបញ្ជាក់​ពី​ប្រធាន​គម្រោង ស្ថានភាព​ខឿន​រួត​បាកាណ នៃ​ប្រាសាទអង្គរវត្ត​នេះ មានការ​ហែក ខ្លះ​បម្រុង​ធ្លាក់ ហើយ​ក្រុមការងារ នឹង​រៀបចំ​រុញ​ថ្ម​ទាំងនោះ​ឱ្យទៅ​ទីតាំង​ដើម​វិញ ក្នុងន័យ​ពង្រឹង​ខឿន​ឱ្យមាន​ភាពរឹងមាំ គង់វង្ស​ត​ទៅមុខទៀត​។ លោក ម៉ៅ សុខ​នី បញ្ជាក់ថា គម្រោង​ជួសជុល​នេះ មិន​ប៉ះពាល់​ដល់​ការ​ទស្សនា​របស់​ភ្ញៀវទេសចរ​ទេ ព្រោះថា ការជួសជុល​នឹង​បែង​ចែកជា​ជ្រុងៗ និង​ជា​ដំណាក់កាលៗ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close