ជប៉ុន ផ្អាកចាក់វ៉ាក់សាំង Moderna ដោយសង្ស័យមានការចម្លងរោគ
ជប៉ុន៖ ជប៉ុន បានសម្រេចថា ផ្អាកការចាក់វ៉ាក់សាំងអាមេរិក ប្រភេទ Moderna ជូនប្រជាពលរដ្ឋ ចំនួន១.៦៣លានដូស ក្រោយពេលរកឃើញថា មានការចម្លងរោគក្នុងវ៉ាក់សាំងទាំងនោះ នេះបើតាមក្រសួងសុខាភិបាលជប៉ុន និងក្រុមហ៊ុនឳសថ Takeda ដែលទទួលបន្ទុកលក់និងចែកចាយវ៉ាក់សាំងប្រភេទនេះនៅជប៉ុន នាថ្ងៃទី២៦ សីហា ២០២១នេះ។
ក្រុមហ៊ុន Takeda បានអះអាងថា មានរបាយការណ៍ពីមណ្ឌលចាក់វ៉ាក់សាំងមកថា មានសារធាតុគួរឲ្យសង្ស័យក្នុងវ៉ាក់សាំងនេះ ដូច្នេះ ក្រោយការពិគ្រោះជាមួយក្រសួងសុខាភិបាលរួច យើងសម្រេចថា ផ្អាកការប្រើប្រាស់វ៉ាក់សាំងប្រភេទនេះ ចាប់ពីថ្ងៃទី២៦ សីហាតទៅ។ Takeda អះអាងថាទៀតថា ខ្លួនបានប្រាប់រឿងនេះទៅក្រុមហ៊ុន Moderna រួចហើយ ហើយស្នើឲ្យមានការស៊ើបអង្កេតបន្ទាន់ ប៉ុន្តែ Moderna មិនទាន់បានឆ្លើយតបចំពោះសំណើនេះនៅឡើយទេ។
ក្រុមហ៊ុន Takeda មិនបានបញ្ជាក់លម្អិតពីសារធាតុនាំឲ្យមានការចម្លងរោគនេះច្បាស់ទេ ប៉ុន្តែទាំងក្រុមហ៊ុននិងក្រសួងបារម្ភពីប្រតិកម្មចំពោះវ៉ាក់សាំង។ សូមបញ្ជាក់ថា ប្រជាជនជប៉ុនប្រមាណ៤៣ភាគរយហើយ ដែលទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។