រកឃើញ​មេរោគ​កូ​វីដ​១៩​បំប្លែង​ថ្មី ដែល​តា នៅក្នុង​ប្រទេស​កម្ពុជា ១ ៥៣៤​ករណី​ហើយ​!

ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាសថា ខ្លួន​បាន​រកឃើញ​មេរោគ​កូ​វីដ​១៩ បំប្លែង​ថ្មី នៅក្នុង​ប្រទេស​កម្ពុជា ចំនួន ១ ៥៣៤​ករណី​ហើយ គិត​ត្រឹម​នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១​នេះ​។ មេរោគ​នេះ បាន​គ្រប់​ដណ្តប់​ស្ទើរ​ទូទាំង​រាជធានី​ខេត្ត លើកលែងតែ​ខេត្ត​ចំនួន​២​ប៉ុណ្ណោះ​។

​តាម​សេចក្តីប្រកាស​បានបញ្ជាក់​ថា រាជធានី ខេត្ត ដែលមាន​ការឆ្លង​មេរោគ​កូ​វីដ​១៩ បំប្លែង​ថ្មី ច្រើនជាងគេ​មានដូចជា រាជធានី​ភ្នំពេញ ៤៥០​នាក់ បន្ទាយមានជ័យ ២៨៦​នាក់ ឧ​ត្ត​រ​មានជ័យ​២០៧​នាក់ និង​សៀមរាប ១៧៨​នាក់​ជាដើម ខណៈដែល​ដទៃទៀត​មាន​មេរោគ​នេះ​ក្នុង​កម្រិត​តិចតួច និង​ក្រោម​១០០​ករណី​។ ដោយឡែក​ខេត្ត​ដែល​មិនទាន់មាន​ឆ្លង​មេរោគ​ថ្មី​នេះ គឺ​ខេត្ត​កែប និង​ខេត្តក្រចេះ​។​

​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា យោងតាម​លទ្ធផល​ខាងលើនេះ បង្ហាញ​ឱ្យ​យើង​ឃើញថា វីរុស​ដែល​តា (Delta) បាននិងកំពុង​បន្ត​រាតត្បាត​វាយ លុក​ចូលក្នុង​សហគមន៍​របស់​យើង ជាពិសេស រាជធានី​ភ្នំពេញ ខេត្ត​ឧ​ត្ត​រ​មានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្ដាល បន្ទាយមានជ័យ និង​បណ្តា​ខេត្ត​មួយចំនួនទៀត ។​

​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ក្រើនរំលឹក​ហើយ​រំលឹក​ទៀត និង​សូម​អំពាវនាវ​ដោយ​ទទូច​ដល់​សាធារណជន បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់​នៅ ទូទាំងប្រទេស​កម្ពុជា ឱ្យ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់ ការពារ​ខ្លួន កុំ​ភ្លេចខ្លួន​ឱ្យសោះ ដោយ​ត្រូវ​ចេះ​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅរ​បស់​ខ្លួន​ឱ្យ ស្របតាម​ពាក្យស្លោក​ដែលថា​៖ «​រៀន​រស់នៅ​ធម្មតា​ជាមួយ​វីរុស​កូ​វីដ​-១៩ តាមបែប​គន្លង​ប្រក្រតីភាព​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង ជំងឺ​កូ​វីដ​-១៩»​សំដៅ​បង្ការ គ្រប់គ្រង និង​កាត់ផ្តាច់​នូវ​ខ្សែចម្លង​នៃ​វីរុស​កូ​វីដ​-១៩ ជាពិសេស​ពពួក​ប្រភេទ​បំប្លែង​ថ្មី​នេះ ឬក៏ ប្រភេទ​ថ្មី​ផ្សេងទៀត ដែល​អាច​កើតមាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ជាយថាហេតុ​ណាមួយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close