វត្តមាន​សត្វ​ស្លាប​កម្រ ថត​បាន​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ខេត្តមណ្ឌលគិរី​

​រូបភាព​ដ៏​ស្រស់ស្អាត​នៃ​ប្រភេទ​សត្វ​ស្លាប​កម្រ ដែល​កំពុង​រងគ្រោះ និង​ជិត​ផុត​ពូជ​នៅលើ​សកលលោក​ចំនួន​៤​ប្រភេទ​រួមមាន​សត្វ​ក្រៀល សត្វ​ត្រ​យ៉ង​យក្ស ឬ​ឪ​លើក សត្វ​ត្រដក់​តូច និង​សត្វ​កុក​ពាក់​អំបោះ​បាន​ថត​បាន​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។​

​រូបភាព​សត្វ​ស្លាប​ទាំងនេះ​ទទួលបាន​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ដែល​បានដាក់​ដោយ​ក្រុម​ស្រាវជ្រាវ​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) ក្រោម​ការគាំទ្រ​ពី​គម្រោង CAMPAS ចាប់ពី​ថ្ងៃទី​១៤ ខែមិថុនា ដល់​ខែកក្កដា ឆ្នាំ​២០២១ ដើម្បី​សិក្សា​ស្រាវជ្រាវ​តាមដាន​វត្តមាន​សត្វព្រៃ​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។

​សត្វ​ស្លាប​កម្រ​ទាំងនេះ មាន​តិចតួច​ណាស់​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ជាក់ស្តែង​សត្វ​ក្រៀល ដែលជា ប្រភេទ​សត្វ​ស្លាប​កំពុង​រងគ្រោះ និង​មានតម្លៃ​ជា​សកល​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN) មានតែ​ប្រមាណ​៥​ក្បាល​ប៉ុណ្ណោះ​ដែល​ក្រុម​ស្រាវជ្រាវ​ប្រទះឃើញ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។

​បច្ចុប្បន្ន មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ក្រុម​ស្រាវជ្រាវ​កំពុង​ខិតខំ​ការពារ​សំបុក​ពង​កូន​របស់​សត្វ​ស្លាប​ទាំងនេះ ក្នុង​រដូវ​កាល​បន្ត​ពូជ និង​ពង​កូន​ចាប់ពី​ខែមិថុនា និង​វិច្ឆិកា​។​ ​ដូច្នេះ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិរក្ស​សត្វព្រៃ ក៏ដូចជា​ប្រភេទ​សត្វ​ស្លាប​កម្រ​ទាំងនេះ សូម​ចូលរួម​ការពារ​សំបុក​ពង​កូន​របស់​វា កុំ​បរបាញ់ កុំ​ដាក់​អន្ទាក់ កុំ​ដាក់​ថ្នាំ​បំពុល កុំ​បរិភោគ​សាច់សត្វ​ព្រៃ និង​ចូលរួម​ការពារ​ទីជម្រក​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close