ទាហាន​អាមេរិក​៣១​នាក់​ស្លាប់​និង​របួស​ក្នុងការ​វាយប្រហារ​ភេរវកម្ម នៅ​អាកាសយានដ្ឋាន​ទីក្រុង​កា​ប៊ុល​

​ការវាយប្រហារ​ភេរវកម្ម​បង្កឡើង​ដោយ​ក្រុម IS នៅ​អាកាសយានដ្ឋាន ទីក្រុង​កា​ប៊ុល​កាលពី​ថ្ងៃទី ២៦​ខែសីហា បណ្តាល​ឲ្យ​ទាហាន​អាមេរិក ១៣​នាក់​ស្លាប់ និង ១៨​នាក់​រងរបួស ។ ក្រៅពីនេះ​ក៏មាន​ជន​ស៊ីវិល រាប់សិប​នាក់​ទៀត​ស្លាប់ ក្នុងការ​វាយប្រហារ​នោះ​។​

​ប្រធានាធិបតី​អាមេរិក លោក​បៃ​ឌិន បានប្រកាសថា នឹង​តប​វិញ​ទៅលើ​ក្រុម​ភេរវកម្ម ISIS-K ដែល​បាន​វាយប្រហារ​ទៅលើ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​កា​ប៊ុល ក្នុងពេល​បណ្តា​ប្រទេស​កំពុងតែ​ជម្លៀស​ពលរដ្ឋ​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​ការវាយប្រហារ​នោះ​បណ្តាល​ឲ្យ​ទាហាន​អាមេរិក ១៣​នាក់​ស្លាប់ ក្រៅពីនេះ​ជា​ជន​ស៊ីវិល ក្នុងការ​វាយប្រហារ​អត្ត​ឃាត់​២​ផ្សេងគ្នា នៅ​ខាងក្រៅ​អាកាសយានដ្ឋាន ទីក្រុង​កា​ប៊ុល នា​ថ្ងៃទី​២៦​ខែសីហា ។ លោក​បៃ​ឌិន​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​ទាហាន​រងគ្រោះ​ខណៈ​ជិត​ដល់​ថ្ងៃ​ដែល​បាន​ចាក់​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​។ លោក​បៃ​ឌិន​បញ្ជាក់ថា នឹង​តបត​វិញ​ដល់​ក្រុម​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ខាងលើ​​។​

​លោក​បៃ​ឌិន​បាន​បញ្ជាក់ថា យើង​នឹងមិន​លើកលែង​ដល់​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នោះឡើយ យើង​នឹងមិន​ភ្លេច​ឡើយ​ហើយ​ស្វែងរក​ចាប់ខ្លួន​អ្នក​នៅ​ពីក្រោយ មក​ដាក់ទោស​។ លោក​បៃ​ឌិន​ក៏បាន​បញ្ជារ​ទៅ​ក្រសួង​ការពារ​ជាំ​តិ ឲ្យ​ឡើង​គម្រោង​វាយប្រហារ​ទៅលើ​ទីតាំង​ក្រុម​ភេរវកម្ម ISIS-K ក្នុង​ពេលវេលា​សមស្រប់ ។​

​លោក​បៃ​ឌិន ក៏​មិនទាន់​បញ្ចា​ក់ថា​ក្រុម​តា​លី​បង់​មាន​ជាប់​ពាក់ព័ន្ធ​ដែរឬទេ ដោយ​នៅពេលនេះ មិនទាន់​រកឃើញ​ទំនាក់ទំនង​រវាង​តា​លី​បង់​និង​ការវាយប្រហារ​នោះ​។ ប្រធានាធិបតី​អាមេរិក​បញ្ជាក់ថា សកម្មភាព​ជម្លៀស​ពលរដ្ឋ​នៅតែ​បន្តធ្វើ​ឡើង​តាម​ការគ្រោងទុក​។​

​ក្នុងពេល​នេះដែរ ក្រុម​ភេរវកម្ម IS បាន​ទទួលស្គាល់ថា​ជា​សកម្មភាព​វាយប្រហារ​របស់ខ្លួន ។​ក្រុម​ភេរវកម្ម IS ចោទប្រកាន់​ក្រុម​តា​លី​បង់​ថា​បាន​សហការ​ជាមួយ​អាមេរិក ក្នុងការ​ជម្លៀស​ពលរ​ដ្ឋ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​សូមបញ្ជាក់​ផងដែរ​ថា​ភេរ​វករ​២​នាក់ បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ច្រកចូល​អាកាសយានដ្ឋាន សម្លាប់​មនុស្ស ៧០​នាក់ ក្នុងនោះ​មាន​ទាហាន​អាមេរិក ១៣​នាក់​។ ក្រុម IS បានប្រកាសថា​បាន​បំបែក​របាំង​សន្តិសុខ​ដែល​អាមេរិក និង​ក្រុម​តា​លី​បង់​បាន​បង្កើតឡើង​។ នេះ​ជាការ​វាយប្រហារ​សម្លាប់​ទាហាន​អាមេរិក ច្រើន​បំផុត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ចាប់តាំងពី​ឆ្នាំ ២០១១ និង​ជា​លើកដំបូង ចាប់​ទាំងពី​ក្រុម​តា​លី​បង់​គ្រប់គ្រង​អា​ហ្វ​ហ្គា​នី​ស្ថាន​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close