ប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ រងការចោទថា ធ្វើផ្លូវគ្មានគុណភាព
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ លោកសុក ចាន់ថា ត្រូវគេចោទប្រកាន់ថា បានឃុបឃិតជាមួយមន្ត្រីមួយចំនួន ប្រព្រឹត្តអំពើពុករលួយ ក្នុងការស្ថាបនាផ្លូវ ក្រាលកៅស៊ូ ឌីប៊ីអេសធី (DBST) ប្រវែងជាង បួនគីឡូម៉ែត្រ ស្ថិតនៅជុំវិញតំបន់ច្រកស្ទឹងបត់ ពោលគឺ ផ្លូវមិនមានគុណភាព ដោយក្នុងរយៈពេល ជាង ៣ ខែ ក៍ចាប់ផ្តើមខូចផ្លូវ បណ្ដើរៗទៅហើយ។
បើយោងតាមប្រភពមួយថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានយល់ព្រម តាមសំណើរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការប្រគល់កិច្ចសន្យា ជូនមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការងារស្ថាបនាផ្លូវ ដោយក្រាលកៅស៊ូ ឌីប៊ីអេសធី (DBST) ប្រវែង ៤.០២៥ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ស្ថាបនាលូប្រអប់មុខមួយ ទំហំមុខកាត់ ២,៥ ម៉ែត្រ គុណនឹង ១,៥ ម៉ែត្រ ប្រវែង ១២ ម៉ែត្រ ចំនួន ៨ កន្លែង គូសគំនូសសញ្ញាចរាចរ ចំនួន ១.៤០២ ម៉ែត្រការ៉េ ស្ថាបនាស្លាកសញ្ញាចរាចរ ចំនួន ៣៨ ស្លាក និងដាំបង្គោលនាំផ្លូវ ចំនួន ៨៤ ដើម ចន្លោះគ.ម 00+000 ដល់គ.ម ០៤+០៧៥ ស្ថិតនៅជុំវិញ តំបន់ច្រកស្ទឹងបត់ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងតម្លៃចំនួន ៤.៣០១.០០០.០០០ រៀល (បួនពាន់បីរយមួយលានរៀលគត់) ជាតម្លៃកិច្ចសន្យា។
តែការស្ថាបនាផ្លូវនោះហើយរួចរាល់មិនបាន១០០ថ្ងៃផង ផ្លូវក៏ខូចខាតទៅវិញជាបណ្តើរៗ ហើយដោយប្រហែលជាមើលឃើញការសាងសង់ផ្លូវ គ្មានគុណភាព ដែលមានកម្រាស់ស្តើងនោះ គេក៏ឃើញខាងមន្ទីរចុះទៅធ្វើការជួសជុលពេលយប់ស្ងាត់ៗ។
យ៉ាងណាក៏ដោយ ចំពោះការចោទប្រកាន់នេះ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានថ្លែងបដិសេធ ដោយថា “អត់មានប្រព្រឹត្តដូចជា ការចោទប្រកាន់ទេ ហើយការងារបច្ចេកទេស យើងមកជួបគ្នានិយាយ ហើយទៅមើលទីតាំង បានយើងយល់គ្នាបាន លក្ខណៈបច្ចេកទេស ភាសាខ្លះ អត់យល់ និងពាក្យភាសាខ្លះ មិនមែនចេះសរសេរបានណា ហើយយើងធ្វើតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកអីទាំងអស់នឹងហើយ”៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។