កម្ពុជា បើកយុទ្ធនាការចាក់វ៉ាក់សាំងជម្ងឺដុំពកស្បែកគោ ក្របី
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ដំណើរវិវត្តន៍ និងវិធានការនៃការទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែកគោក្របី នៅកម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ រួមទាំងបានជម្រាបជូនពីបទពិសោធនិងវិធីសាស្ត្រព្យាបាលផងដែរ។
ទន្ទឹមនឹងការខិតខំប្រឹងប្រែងក្នុងការតាមពិនិត្យនិងព្យាបាលសត្វគោដែលបានឆ្លងជម្ងឺដុំពកនៅលើស្បែកកន្លងមក ក្រសួងក៏បានខិតខំប្រឹងប្រែងស្វះស្វែងរកបញ្ជាទិញវ៉ាក់សាំងការពារជំងឺដុំពកស្បែកគោក្របី ក៏បានដំណើរការព្រមគ្នាផងដែរ។ ប៉ុន្តែអ្វីដែលក្រសួងមិននឹកស្មានដល់នោះ ការរីរាលដាលនៃជំងឺឆ្លងនេះបានរាលដាលយ៉ាងលឿនពីបណ្តាខេត្តជាប់ព្រំដែនថៃ មកតំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា ជាពិសេសនៅខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តព្រៃវែង ដែលមកទល់ពេលនេះ ជំងឺឆ្លងនេះបានធ្វើឲ្យប៉ះពាល់និងធ្វើឲ្យសត្វគោឈឺចំនួនជាង ៣០ ០០០ ក្បាលហើយ ជាពិសេសបានឆ្លងទៅលើកូនគោ ដែលបានធ្វើឲ្យសត្វគោបានងាប់មួយចំនួន និងដែលធ្វើក្រសួងមានការព្រួយបារម្ភជាខ្លាំង ។
ប៉ុន្តែអ្វីដែលទទួលបានដំណឹងល្អនាចុងសប្តាហ៍នេះ គឺក្រោយពីដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលមានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាសេនាធិការនោះ ដោយមានការគាំទ្រថវិកាពីសប្បុរសជនផងនោះ យើងទទួលបានវ៉ាក់សាំងចំនួន ពីរម៉ឺន ដុស នៅក្នុងដៃរួចហើយ ដែលបានបង្កលក្ខណៈគ្រាប់គ្រាន់សម្រាប់ក្រសួងមានលទ្ធភាពចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងទប់ស្កាត់ជំងឺដុំពកស្បែកគោក្របី ដែលដឹកនាំដោយឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ បានចេញប្រតិបត្តិការកាលពីថ្ងៃម្សិលមិញ ទី២៨ ខែសីហា ឆ្នាំ២០២១ នេះ នៅខេត្តត្បូងឃ្មុំ ។
ដោយឡែកថ្ងៃនេះ ក្រសួងបាននិងកំពុងបន្តចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោនៅក្នុងខេត្តកំពង់ចាមទៀត ។ ក្រសួងមានក្តីសង្ឃឹមថា វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោចំនួន ៤០ ០០០ ដុស បន្ថែមទៀត នឹងមកដល់កម្ពុជា នៅសប្តាហ៍បន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។