សម្តេច ហ៊ុន សែន ប្រកាសថា នឹងចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសទី៣ ជូនប្រជាពលរដ្ឋគ្រប់គ្នា

ក្នុង​សារ​ឆ្លើយតបសំណួររបស់ប្រជាពលរដ្ឋតាមរយ:ហ្វេសប៊ុក ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋទូទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសថា នឹងចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសទី៣ជូនប្រជាពលរដ្ឋគ្រប់ៗគ្នានៅខែកញ្ញាឆ្នាំ២០២១ ដូច្នេះសូមពលរដ្ឋ​កុំបារម្ភពីរឿងនេះ។

នៅក្នុងនោះសម្តេចតេជោបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសទី៣ជំហានដំបូងនេះ សម្រាប់តែមន្រ្តីរាជការ និងកងកម្លាំងជួរមុខប៉ុណ្ណោះដែលចំនួននេះមានកំណត់។ តែយ៉ាងសម្តេចតេជោបានប្រាប់កុំឱ្យបារម្ភរឿងនេះ ព្រោះយើងនឹងចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាពលរដ្ឋគ្រប់ៗគ្នាដែលមានរហូតដល់ជិត១២លាននាក់។

ក្នុងនោះបើតាមការបញ្ជាក់របស់សម្តេច វ៉ាក់សាំងសម្រាប់ចាក់ដូសទី៣នេះនឹងមកដល់នៅខែកញ្ញា ឆ្នាំ២០២១ ចំនួន៥លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋទូទៅ។

សូមបញ្ជាក់ថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១​ មានដល់ទៅ​ ជាង៩០ភាគរយ​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៧៤,៧៨% ធៀបជាមួយនឹងប្រជាជនគោលដៅជិត២លាននាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close