រ៉ុក្កែត​ជាច្រើន​គ្រាប់​បាញ់ប្រហារ​ចូល​អាកាសយានដ្ឋាន​ទីក្រុង​កា​ប៊ុល​

​មាន​គ្រាប់​រ៉ុក្កែត​ជាច្រើន​គ្រាប់​បាន​បាញ់​ចូល​អាកាសយានដ្ឋាន​ទីក្រុង​កា​ប៊ុល​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ុន្តែ​ត្រូវបាន​ប្រព័ន្ធ​ការពារ​រ៉ុក្កែត វាយ​ស្ទាក់​កម្ទេច​បាន​ដោយ​ជោគជ័យ​។​

​សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ដកស្រង់​សំដី មន្ត្រី​យោធា​អាមេរិក នៅ​ថ្ងៃទី ៣០​ខែសីហា​បាន​បញ្ជាក់ថា​មាន​គ្រាប់​រ៉ុក្កែត​៥​គ្រាប់​វាយប្រហារ​សំដៅ​ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​កា​ប៊ុល ។ នៅពេលនេះ​គែ​មិនទាន់​ដឹងថា​រ៉ុក្កែត​ទាំងនោះ​ត្រូវបាន​ប្រព័ន្ធ​ការពារ​វាយកម្ទេច​បាន​ទាំងអស់ ឬ​យ៉ាណា ហើយក៏​មិនទាន់មាន​ព័ត៌មាន​ស្តីពី​អ្នកស្លាប់​ឬ​របួស​នោះដែរ​។​

​នៅក្នុង​ព្រឹត្តិ​ការដែល​ពាក់ព័ន្ធ​នោះដែរ អង់គ្លេស​បាន​អំពាវនាវ​ឲ្យ​ហ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ រុស្ស៊ី ចិន ដើម្បី​បង្កើន​ឥទ្ធិពល​ទៅលើ​ក្រុម​តា​លី​បង់​ដែល​កំពុងតែ​គ្រប់គ្រង​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​សារព័ត៌មាន Euronews បាន​ដកស្រង់​ការប្រកាស​របស់​ក្រសួងការបរទេស​អង់គ្លេស​ថា ការបង្កើត​កិច្ចសហប្រតិបត្តិការ​ណ៍​យ៉ាង​ស្អិតល្មួត​ជាមួយ​រុស្ស៊ី​និង​ចិន អាចជួយ​ដោះស្រាយ​បញ្ហា​រួម ក្នុងនោះ​មានការ​ប្រយុទ្ធប្រឆាំង ក្រុម​ភេរវកម្ម កាត់បន្ថយ​អំពើហិង្សា ទប់ស្កាត់​វិបត្តិ​ជនភៀសខ្លួន ក៏ដូចជា​រារាំង ការដួលរលំ​នៃ​សេដ្ឋកិច្ច​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​រដ្ឋាភិបាល​អង់គ្លេស ក៏បាន​ធ្វើការ​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​ផ្សេងទៀត នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ គឺ​បារាំង​និង​អាមេរិក ដើម្បី​ជំរុញ​ការអនុម័ត បង្កើត​តំបន់​សុវត្ថិភាព ដល់​ពលរដ្ឋ​បរទេស និង​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ចង់​ចាក​ចេញពី​ប្រទេស ក្រោយ​ថ្ងៃទី​៣១​ខែសីហា ។​រដ្ឋាភិបាល​បណ្តា​ប្រទេស​លោកខាងលិច ក៏បាន​ឡើង​គម្រោង​ទប់ស្កាត់​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្លាយទៅជា​ទីតាំង​ឈរជើង​របស់​ក្រុម​ភេរវកម្ម​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​អា​ហ្វ​ហ្គា​នី​ស្ថាន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្រេច​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ នៅ​ថ្ងៃទី​៣០​ខែសីហា ពិភាក្សា​លើ​បញ្ហា​មនុស្សធម៌​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close