អាល់កុល​ក្លែងក្លាយ​ជិត ៣០​តោន ត្រូវបាន​ដកហូតនៅតាមតូបលក់ដូរ ក្នុងរាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២១ មន្ត្រី​ស៊ើបអង្កេត​របស់​អគ្គនាយក​ដ្ឋា​ន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បានន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​គុណភាព​អាល់កុល នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​បន្ទាប់ពី​បាន​ត្រួតពិនិត្យ មន្ត្រី​ជំនាញ បាន​រកឃើញ​អាល់កុល​ក្លែងក្លាយ​(​មេ​តា​ណុល​) ចំនួន ១ ១៨៦.៥០​លីត្រ ដែល​បាន​ដាក់តាំង​លក់​នៅតាម​បណ្តា​ឱសថស្ថាន និង​ផ្ទះ​លក់ទំនិញ​នានា​។ បន្ទាប់ពី​បាន​រកឃើញ​ការ​ចរាចរណ៍​អាល់កុល​ក្លែងក្លាយ​ទាំងនេះ មន្ត្រី​ជំនាញ បានធ្វើការ​ស្រាវជ្រាវរ​ក​ប្រភព​ផ្គត់ផ្គង់ និង​ឈានទៅ​កំណត់​ទីតាំង​ឃ្លាំង​ស្តុក​និង​ចែកចាយ​មួយកន្លែង​ដែល​ស្ថិតនៅ​សង្កាត់​ទឹ​ល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ដោយ​ទទួលបាន​កិច្ចសហការ​ពី​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ទទួល​ផែន​សេដ្ឋកិច្ច អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ និង​ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ មន្ត្រី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​ខាងលើ ដោយបាន​រកឃើញ អាល់កុល​ក្លែងក្លាយ​ឬ​មេ​តា​ណុល​ចំនួន ៧៥៦​ប៊ីដុង និង​៧៩១​យួរ ស្មើនឹង ២៧ ៤២៦​លីត្រ បន្ថែមទៀត​។

​សរុប​អាល់កុល​ក្លែងក្លាយ​ដែល​បង្ក្រាបបាន​នៅថ្ងៃនេះ មាន​ចំនួន​២៨ ៦១២.៥០​លីត្រ ដែលមាន​ទម្ងន់​ប្រមាណ​ជាង​២៨​តោន​។ បច្ចុប្បន្ន អាល់កុល​ក្លែងក្លាយ​ខាងលើ ត្រូវបាន​ឃាត់​ទុកជា​បណ្តោះអាសន្ន រង់ចាំ​អនុវត្ត​នីតិវិធី​បន្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close