ឯកឧត្តម ប៉ាន សូរស័ក្តិ បើកកិច្ចប្រជុំក្រុមការងារដោះស្រាយបញ្ហាប្រឈម និងជំរុញការលក់ផលិតផលខ្មែរនៅក្នុងប្រទេស និងនាំចេញទៅក្រៅប្រទេស

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុមការងារដោះស្រាយបញ្ហាប្រឈម និងជំរុញការលក់ផលិតផលខ្មែរនៅក្នុងប្រទេស និងនាំចេញទៅក្រៅប្រទេស។

ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចការជំរុញចរាចរផលិតសក្តានុពលរបស់កម្ពុជាទាំងលើទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេស នាពេលកន្លងមក តាមរយៈការដាក់ចេញ និងចូលរួមអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ជាច្រើន រួមមានជាអាទិ៍៖
– ការលើកកម្ពស់ភាពប្រកួតប្រជែង តាមរយៈការកសាងច្បាប់ និងបទដ្ឋានគតិយុត្ត ក្នុងនោះរួមមាន ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីការប្រកួតប្រជែង ជាដើម។
– ការធ្វើកំណែទម្រង់ស្ថាប័ន រួមមានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងការបង្កើតក្រុមការងារជាសសរស្តម្ភក្រោមក្រសួងពាណិជ្ជកម្ម។
– ការដាក់ដំណើរការគម្រោងឌីជីថល Go4Cam, CambodiaTrade.com និងការបង្កើតផ្សារពាណិជ្ជកម្មផ្សារភ្ជាប់ទៅនឹងសហគ្រាសមីក្រូ តូចនិងមធ្យម។
– ការចរចាបង្កើតទីផ្សារបន្ថែមតាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (អាសិប), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA), កម្ពុជា-កូរ៉េ (CKFTA) និងអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី មួយចំនួនទៀត។ និង
– ការអនុវត្តយុទ្ធនាការលើកស្ទួយផលិតកម្ពុជា តាមរយៈការតាំងពិព័រណ៍ពាណិជ្ជកម្ម និងជាពិសេសការចូលរួមកែប្រែវិបត្តិឱ្យក្លាយជាឱកាស ក្នុងការជំរុញផលិតផលជាតិក្នុងអំទ្បុងពេលបិទខ្ទប់។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនជាសំខាន់ផងដែរថា តាមរយៈការបន្តអនុវត្តនូវយន្តការខាងលើនេះ ក្រសួងពាណិជ្ជកម្ម បានបង្កើតក្រុមការងារនេះទ្បើង ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់ សំដៅជំរុញការលក់ផលិតផលខ្មែរទាំងលើទីផ្សារក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេសឱ្យបានកាន់តែទូលំទូលាយ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដល់ក្រុមការងារ ដើម្បីជាទិសដៅអនុវត្តការងារបន្តផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។