សម្តេច​ ហ៊ុន សែន ​ណែនាំឲ្យ​ក្រសួង​អប់រំ​រៀបចំ​បេីកសាលារៀនឡើងវិញ ​នៅតំបន់​ដែលមិនមានការឆ្លង​ និងឆ្លងតិច

តាមសារជាសម្លេងដែលត្រូវផ្សព្វផ្សាយ​នៅព្រឹក​ថ្ងៃអង្គារនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើ​ការ​ណែនាំ​ដល់​ក្រសួងអប់រំបេីកសាលារៀន​នៅតំបន់​ដែលមិនមានការឆ្លង​ និងឆ្លងតិច​ ដោយ​កុំរង់ចាំការបេីកព្រមគ្នាទូទាំងប្រទេស​។

សម្តេចថា ចំពោះការរៀនតាមអនឡាញ​ នៅតាមទីជនបទ​ កុមារ​តាមជនបទ​ពុំមានសេវាអ៊ីនធេីណេត​នោះទេ​ ដូច្នេះ​ត្រូវ​បេីក​តាមជនបទ​ដែលពុំមានការឆ្លង​។

ដោយឡែក​ទីប្រជុំជន​ ដែលឆ្លងតិច​ អាចបន្តរៀនអនឡាញ​ និងរៀនដោយផ្ទាល់​ និងរៀនបែបចម្រុះ​ ដោយគោរពវិធានសុខាភិបាលជានិច្ច​។

សម្តេច​តេជោ​ស្នើ​ឱ្យ​រកគ្រប់វិធីទាំងអស់​ ដេីម្បី​អាចបេីក​សាលា​រៀន​នៅតាមទីជនបទ​ដែល​មាន​ការ​ឆ្លងតិច​និង​មិនមានការឆ្លង​ ។

សម្តេច​តេជោ​យល់ថា ​តាមទីជនបទ​អាចបេីកសាលារៀនបាន​សម្រាប់​កុមារ​ ក្រោម​អាយុ​១២ឆ្នាំ​ ពីព្រោះ​ថា ​តាមទីជនបទ​ការឆ្លង​ពុំមាន​នោះទេ ឫមានតិចតួចប៉ុណ្ណោះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close