សម្តេច​ក្រឡាហោម ស ខេង​៖ គ្រោះថ្នាក់​ចរាចរណ៍​ក្នុងប្រទេស​កម្ពុជា កើតឡើង ១៩៩​លើក មាន​អ្នកស្លាប់ ១២៣​នាក់ ក្នុង​ខែសីហា​

​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១​នេះ បានបង្ហាញ​នូវ​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ខែសីហា ឆ្នាំ​២០២១ ដែល​បណ្តាល​ឲ្យ អត្រា​ជនរងគ្រោះ​បាត់បង់​ជីវិត​មានការ​កើនឡើង នៅពេលដែល​អត្រា​អ្នករងរបួស​មាន​ចំនួន​ថយចុះ ធៀប​នឹង​ខែកក្កដា កន្លងទៅនេះ​។

​សម្តេច បញ្ជាក់ថា ជា​ប្រការ​គួរឱ្យ​សោកស្ដាយ​បំផុត​នោះ​ដ្បិតតែ​នៅក្នុង​ខែសីហា ឆ្នាំ​២០២១​នេះ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន ១៩៩​លើក ថយចុះ​ចំនួន​៩​លើក ហើយ​អ្នករងរបួស​មាន​ចំនួន​២៤១​នាក់ ថយចុះ​៤១​នាក់​។ ប៉ុន្តែ​ចំនួន​អ្នកស្លាប់ មាន​ដល់​ទៅ​១២៣​នាក់ ដែល​កើន​រហូតដល់​ទៅ​១៦​នាក់​ធៀប​នឹង​ខែកក្កដា​មុននេះ ដែលមាន​អ្នកស្លាប់​ចំនួន​១០៧​នាក់​។

​ជាការ​កត់សម្គាល់ កំណើន​អ្នក ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែសីហា​នេះ គឺ​ការធ្វើដំណើរ នៅក្នុង​ឱកាស​នៃ​ពិធី​សែន​ក្បាលទឹក ដែលមាន​ជនរងគ្រោះ​ស្លាប់​ចំនួន​១៥​នាក់ របួស ៣២​នាក់ និង​ការធ្វើដំណើរ​នៅ រៀងរាល់ថ្ងៃ​ចុង​សប្ដាហ៍​ផងដែរ បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ បាន​ថមថយ ហើយ​ការធ្វើ​ច​រា ចរណ៍​មាន​កំណើន​ឡើងវិញ​។​ ប៉ុន្តែ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែសីហា ឆ្នាំ​២០២១​នេះ បើ​ប្រៀបធៀប​ទៅនឹង​ខែសីហា ឆ្នាំ​២០២០​កន្លង​ទៅវិញ គឺ​បាន​ថយចុះ​ចំនួន​៧៩​លើក ស្មើនឹង ២០​ភាគរយ និង​របួស​បាន​ថយចុះ​ចំនួន​១៩៩​នាក់ ស្មើនឹង​៤៥​ភាគ រយ គឺ​កើន​តែ​អ្នកស្លាប់​ចំនួន​២ នាក់​ស្មើនឹង​២​ភាគរយ​។​

​ជាថ្មី​ម្ដងទៀត សម្តេច សូម​អំពាវនាវ​ដោយ​ទទូច ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់ សូម​មាន​ស្មារតី​គោរព និង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​គ្រប់ពេលវេលា​នៃ​ការធ្វើដំណើរ​លើ​ដងផ្លូវ និង​សូម​មាន​ស្មារតី​ប្រុងប្រយ័ត្ន បើកបរ​មានការ​យោគយល់​អធ្យាស្រ័យ​ឱ្យ​គ្នា ដើម្បី​ការពារ​សេចក្ដីសុខ​ខ្លួន​យើង អ្នកដំណើរ​ផ្សេងទៀត​លើ​ដងផ្លូវ ដើម្បី​ចៀស​ផុតពី​គ្រោះថ្នាក់​។​

​ក្នុងនាម​ប្រធាន គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ខ្ញុំ​ក៏​សូម​ក្រើនរំលឹក​ដល់​មន្ត្រី​មាន​សមត្ថ​កិច្ចដឹកនាំ និង​ប្រតិបត្តិ​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ទាំងអស់ សូម​បន្ត​រឹតបន្តឹង​ការអនុវត្ត​ឱ្យបាន​សកម្ម គ្មាន​ការលើកលែង ឬ​យោគយល់​អ្វី​ទាំងអស់ ពីព្រោះ​នេះ​ជា​ភារកិច្ច​ការពារ​សេចក្ដី​សុខ សុវត្ថិភាព និង​អាយុជីវិត​ប្រជាពលរដ្ឋ​យើង​។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close